នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឃាត់ខ្លួនជនសង្ស័យ៤១នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវបានធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួនជនសង្ស័យ៤១នាក់ (ចិន៣៣នាក់)ពាក់ព័ន្ធករណីបង្ខាំងមនុស្សនិងអនឡាញខុសច្បាប់កាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចមុខសាលាអូស្ត្រាលីស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងពីនារីម្នាក់ជាជនជាតិវៀតណាម អាចនិយាយភាសាខ្មែរ បានអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានគេចាប់ជំរិតទារប្រាក់ចំនួន២៥០០ដុល្លារ ក្រោយពីពួកគេល្បួងឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិដ្ឋជនបានចាប់បញ្ជូនមកកាន់រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

ដោយឡែក ស្ត្រីជាបងស្រីរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា នាអំឡុងពេលដែលអាជ្ញាធរនាំមកកាន់ទីតាំងចាប់បង្ខាំង ដែលស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

ស្ត្រីជាបងជនរងគ្រោះបញ្ជាក់ថា ប្អូនប្រុសរបស់នាងបានផ្ញើសារទីតាំងដែលក្រុមចាប់ជំរិតនោះមកឱ្យនាង ទើបបានជានាងដឹងទីតាំងច្បាស់បែបនេះ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមកទីតាំងខាងលើនេះតែម្ដង។

ក្នុងរង្វង់ប្រតិបត្តិការនេះយោងតាមរបាយការណ៍កម្លាំងនគរបាលបានឱ្យដឹងថា កាលពីវេលាម៉ោង ១២យប់រំលងអធ្រា្រត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣  កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះដល់ទីតាំងឡោមព័ទ្ធមួយកន្លែងនិងឃាត់ខ្លួនជនសង្ស័យ៤១នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣៣នាក់(ស្រីម្នាក់)និងជនជាតិខ្មែរ៨នាក់(ស្រី៥នាក់)។

ក្រោយប្រតិបត្តិការកម្លាំងជំនាញបានធ្វើការដកហូតរថយន្តចំនួន៤ គ្រឿងរួមមានរថយន្តម៉ាករ៉យរ៉យមួយគ្រឿង ម៉ាកធន់ត្រាមួយគ្រឿង ម៉ាកអាល់ហ្វាតមួយគ្រឿង និងម៉ាកឡង់គ្រីស័រ មួយគ្រឿង ទូរសព្ទដៃចំនួន ១៧ គ្រឿង និង ម៉ូតូ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាននាំយកមករក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *