អ៊ីស្រាអែលនិយាយថា «ហាម៉ាសប្រើប្រាស់ មន្ទីរពេទ្យធំបំផុតរបស់ហ្គាហ្សាធ្វើជាខែល»

បរទេស ៖ មន្ទីរពេទ្យស៊ីហ្វា (Shifa) នៅតំបន់ហ្គាហ្សាបានក្លាយជាចំណុចផ្តោតនៃភាពជាប់គាំងរយៈពេលជាច្រើនថ្ងៃនៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។

មន្ទីរពេទ្យស៊ីហ្វា ជាមន្ទីរពេទ្យធំបំផុតនិងមានឧបករណ៍ល្អបំផុតរបស់ហ្គាហ្សា។ ប៉ុន្តែ​អ៊ីស្រាអែល​អះអាង​ថា«មន្ទីរពេទ្យនោះ​ក៏​ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​ហាម៉ាស​ក្នុង​គោល​បំណង​យោធា​។ក្រុមហាម៉ាសបានសាងសង់មជ្ឈមណ្ឌលបញ្ជាការក្រោមដីដ៏ធំនៅខាងក្រោមមន្ទីរពេទ្យ ដែលតភ្ជាប់ដោយផ្លូវរូងក្រោមដីខ្វាត់ខ្វែង»។

តាំងពីអ៊ីស្រាអែលបានប្រកាសសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនដ៏បង្ហូរឈា.មដោយក្រុមអ៊ីស្លាមនេះកាលពីថ្ងៃទី ៧ ខែតុលា កងកម្លាំងនេះបានរើទៅកាន់មន្ទីរពេទ្យស៊ីហ្វា។ 

ខណៈអ៊ីស្រាអែលនិយាយថា «ខ្លួនមានឆន្ទៈក្នុងការអនុញ្ញាតឱ្យបុគ្គលិកនិងអ្នកជំងឺជម្លៀសចេញ»។ ប៉ុន្តែប៉ាឡេស្ទីនបាននិយាយថា «កងកម្លាំងអ៊ីស្រាអែលបានបាញ់ទៅលើជនជម្លៀសខ្លួនទាំងនោះ ,វាមានគ្រោះថ្នាក់ខ្លាំងណាស់មិនអាចរើអ្នកជំងឺដែលងាយរងគ្រោះបំផុតចេញបានទេ»។ ទន្ទឹម​នឹង​នេះ គ្រូពេទ្យ​និយាយ​ថា «មន្ទីរពេទ្យនេះបាន​អស់ប្រេងឥន្ធនៈ ហើយ​អ្នក​ជំងឺនឹង​ចាប់​ផ្ដើម​ស្លាប់»។

ដោយសារតែស៊ីហ្វាគឺជាមន្ទីរពេទ្យឈានមុខគេនៅក្នុងប្រព័ន្ធថែទាំសុខភាពដែលបានដួលរលំយ៉ាងទូលំទូលាយបន្ទាប់ពីជម្លោះជាច្រើនឆ្នាំ កង្វះថវិការ៉ាំរ៉ៃ និងការបិទខ្ទប់របស់អ៊ីស្រាអែលនិងអេហ្ស៊ីបក្នុងគោលបំណងធ្វើឱ្យក្រុមហាម៉ាសចុះខ្សោយ។

មន្ទីរពេទ្យស៊ីហ្វា មានគ្រែជាង៥០០និងសេវាកម្មដូចជាការស្កែន MRI ការលាងឈាម និងបន្ទប់សង្គ្រោះបន្ទាន់។មន្ទីរពេទ្យនេះទទួលយកប្រហែលពាក់កណ្តាលនៃការវះកាត់វេជ្ជសាស្រ្តទាំងអស់ដែលធ្វើឡើងនៅហ្គាហ្សា។ នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងដែនដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *