ឃាត់បុរស២នាក់ពាក់ព័ន្ធគ្រឿងញៀន នៅក្រុងសំពៅពូន

កណ្ដាល ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលក្រុងសំពៅពូន ឃាត់ខ្លួន នាថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២និង២០នាទីរសៀល ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច ផ្ទះជនសង្ស័យឈ្មោះ ម៉េង ធា ស្ថិតនៅភូមិកោះទៀវ(ខ) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ 

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ម៉េង ធា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះទៀវ(ខ) សង្កាត់-ក្រុងសំពៅពូន និង ២-ឈ្មោះ សា សុភានី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកគង់ សង្កាត់-ក្រុងសំពៅពូន ខេត្តកណ្ដាល។

វត្ថុតាងចាប់យកបានរួមមាន ១.គ្រឿងញៀនប្រភេទមេតំហ្វេតាម៉ីនម៉ាទឹកកក(Ice) ចំនួន០៩កញ្ចប់ (ទម្ងន់សរុប៧,៦៤ក្រាម),២.ទូរសព្ទដៃចំនួន០២គ្រឿង,៣.ដាវចំនួន ចំនួន០១ និង ៤.ឧបករណ៍សម្រាប់វេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។

សមត្ថកិច្ចបន្តថា ដំបូងកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនក្រុងសំពៅពូន សហកាជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់សំពៅពូន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្ដែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះជនសង្ស័យឈ្មោះ ម៉េង ធា ដោយឃាត់បានជនសង្ស័យ២នាក់ ឈ្មោះ ម៉េង ធា និងឈ្មោះ សា សុភានីហើយកម្លាំងបានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៩កញ្ចប់ ជារបស់ជនសង្ស័យឈ្មោះ ម៉េង ធា ដែលលាក់ក្នុងថង់ក្រោមគ្រែ ក្រោមផ្ទះរបស់ខ្លួន។ 

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉េង ធា បានឲ្យដឹងថា«គ្រឿងញៀនខាងលើ គឺពិតជារបស់ខ្លួនពិតប្រាកដមែន ហើយគ្រឿងញៀននេះគឺខ្លួនបានទៅទិញពីអ្នកលក់ថ្នាំញៀនឈ្មោះ គឹម ពៅ ហៅក្រឹម ភេទប្រុសអាយុ៣៨ឆ្នាំ នៅចំណុចភូមិកោះទៀវ(ក) សង្កាត់សំពៅពូន ក្រុងសំពៅពូន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទីថ្ងៃត្រង់ ដោយបានទិញមួយលើកចំនួន០១កញ្ចប់ធំ ក្នុងតម្លៃ៣០០,០០០(បីសែន)រៀល។ 

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសាកសួរ និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំពៅពូន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ (ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *