ជិត​បោះឆ្នោតមក​ដល់ អំពើ​ហិ.ង្សាផ្នែក​នយោបាយ​ កើតឡើងពេញប្រទេសបង់ក្លាដែស ​

បរទេស ៖ ភាពតានតឹងផ្នែកនយោបាយជាច្រើនសប្តាហ៍ បានផ្ទុះឡើងជាការតវ៉ានិង អំពើហិ.ង្សា នៅក្នុងប្រទេសបង់ក្លាដែស ដោយធ្វើឱ្យរង្គោះរង្គើប្រទេសនេះ នៅមុនការបោះឆ្នោតទូទៅដែលនឹងមកដល់ក្នុងខែមករាខាងមុខ ។

មេដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងជាច្រើននាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យសប្តាហ៍មុន គឺមួយថ្ងៃបន្ទាប់ពីការប្រមូលផ្តុំដ៏ធំ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលបានប្រែក្លាយទៅជាហិ.ង្សា ដែលបណ្តាលឱ្យអ្នកគាំទ្របក្សប្រឆាំងយ៉ាងហោចណាស់ពីរនាក់បាត់បង់ជីវិត ។

គណបក្សជាតិនិយមបង់ក្លាដែស (BNP) ដែលជាគណបក្សប្រឆាំងដ៏សំខាន់ដែលកំពុងស្ទុះងើបឡើងវិញ បានបង្កើនការតវ៉ាកាន់តែខ្លាំងឡើង ដោយអំពាវនាវឱ្យលោកស្រីនាយករដ្ឋមន្ត្រី សេក ហាស៊ីណា (Sheikh Hasina) លាលែងពីតំណែង។

បក្ស BNP និង សម្ពន្ធមិត្តចង់បានរដ្ឋាភិបាលបណ្តោះអាសន្នអព្យាក្រឹតមួយនៅមុនការបោះឆ្នោតសកល ដោយលើកហេតុផលថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌មិនអាចធ្វើឡើងក្រោមការដឹកនាំរបស់លោកស្រីហាស៊ីណាបានទេ។ រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សសម្ពន្ធអាវ៉ាមី (Awami League) របស់លោកស្រី បានច្រានចោលការទាមទារខាងលើនេះ។

ការប្រមូលផ្តុំរបស់បក្ស BNP នៅក្នុងរដ្ឋធានីដាក្កា បានទាក់ទាញមនុស្សរាប់សែននាក់ ដែលជាការជួបជុំដ៏ធំបំផុតនៅទីនោះក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។ ប៉ុន្តែ​ភ្លាមៗ​នោះ អ្វីៗបាន​ប្រែ​ជា​ហិ.ង្សា។

ប៉ូលិស​បាន​បាញ់​គ្រាប់​កាំភ្លើង​ជ័រនិង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ខណៈ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​គប់​ដុំ​ថ្មនិងដុំ​ឥដ្ឋ។ ផ្លូវមួយចំនួនក្នុងរដ្ឋធានីមើលទៅស្រដៀងនឹងតំបន់សង្រ្គាម ដោយពោរពេញដោយគ្រាប់បែកសំឡេង សំបកឧស្ម័នបង្ហូរទឹកភ្នែក និងអំបែងកញ្ចក់។ ភាគី​ទាំង​ពីរ​បានចោទ​គ្នា​ទៅ​វិញ​ទៅ​មកថាជាអ្នក​ចាប់​ផ្តើម​អំពើ​ហិ.ង្សា។

លោក អាកា អាប់ឌុល ម៉ូមិន (AK Abdul Momen) រដ្ឋមន្ត្រីការបរទេសបានប្រាប់ BBC ថា «ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងបានវាយប្រហារប៉ូលិស អ្នកកាសែត មន្ទីរពេទ្យ រថយន្តសង្គ្រោះ និងផ្ទះរបស់ប្រមុខក្រសួងយុត្តិធម៌និងចៅក្រមដទៃទៀត ដែលបង្កើតជាចលាចល»។ចំណែកបក្ស BNP បាននិយាយថា «វាមិនមែនជាការពិតទេ»។

លោក អាមៀ កាសរូ ម៉ាម៉ូត ឆូវឌួរី (Amir Khasru Mahmud Chowdhury) មេដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងបានប្រាប់ BBC ថា «វាគឺជាការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងមិនមានហិង្សាទេ ប៉ុន្តែរដ្ឋាភិបាលភ្ញាក់ផ្អើលនឹងការចេញមកតវ៉ាច្រើនបែបនេះ។ ដូច្នេះហើយពួកគេបានសម្រេចចិត្តរំខានការជួបជុំនេះតែម្តង»។

លោកបន្តថា «ការប្រមូលផ្តុំនេះត្រូវបានគេវាយប្រហារពីភាគីចំនួនពីរ។ វាប្រហាក់ប្រហែលនឹងតំបន់សង្រ្គាមដែរ។ដូច្នេះ យើងត្រូវបញ្ឈប់ការជួបជុំជាសាធារណៈរបស់យើងនៅពាក់កណ្តាលទី »។

គណបក្សសម្ពន្ធអាវ៉ាមី ដែលកំពុងគ្រប់គ្រងប្រទេស បានច្រានចោលការចោទប្រកាន់ថាអ្នកគាំទ្ររបស់ពួកគេបានញុះញង់ឱ្យសកម្មជនប្រឆាំងដែលចូលរួមក្នុងការប្រមូលផ្តុំនេះផ្ទុះហិង្សា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបែងចែកផ្នែកនយោបាយត្រូវបានពង្រីក ហើយភាពជូរចត់កាន់តែកើនខ្លាំងឡើង ដោយបក្សសម្ពន្ធអាវ៉ាមីជិតឈានដល់ពាក់កណ្តាលទសវត្សរ៍ទីពីរក្នុងអំណាច និង ស្វែងរកអាណត្តិប្រាំឆ្នាំជាប់ៗគ្នាជាលើកទីបួន។ គណបក្ស​ធំៗ​ទាំង​ពីរ​មិន​មាន​អារម្មណ៍​សម្រុះសម្រួល​គ្នា​ទេ ហើយ​ឱកាស​នៃ​ការ​ចរចា​នៅ​មុន​ការ​បោះ​ឆ្នោត​ហាក់​មាន​​តិចតួចណាស់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *