ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននារសៀលថ្ងៃទី៣១តុលា ក្រោយពីបានធ្វើសកម្មភាពកាប់គាស់ទម្លុះទម្លាយ ដោយប្រើទួណឺវ៉ីសគាស់ស្រយ៉ូវទ្វារផ្ទះ លួចទ្រព្យសម្បត្តិ នៅផ្ទះ២១២ ផ្លូវ៣៥៧ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៥តុលាឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹកកន្លងទៅ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ អ៊ឹម សានី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមន្រ្តីកាកបាទក្រហមកម្ពុជា ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ យាន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់ នៅភូមិដើមស្លែង សង្តាត់ច្បារអំពៅ២ ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះចាក់សោទ្វារផ្ទះកើតហេតុ រួចនាំគ្នាទៅលេងស្រុកកំណើត។ រហូតដល់ថ្ងៃទី ១៥តុលាឆ្នាំ២០២៣ ម៉ោង១០ ស្រាប់តែមានជនសង្ស័យ ០៣នាក់ ឈ្មោះ យាន រដ្ឋា, ឈ្មោះ ណុយ និងឈ្មោះ ឆក អូសរទេះអេតចាយមកឈប់មុខផ្ទះជនរងគ្រោះ រួចនាំគ្នាយកទួណឺវ៉ីសគាស់ស្រយ៉ូវទ្វារឱ្យរបើកចូលលួចទ្រព្យសម្បត្តិរួមមាន ៖ ម៉ាស៊ីនបោកខោអាវ ១គ្រឿង, កង់ ២គ្រឿង, កង់ធាក់ហាត់ប្រាណ ១គ្រឿង, ម៉ាស៊ីនស្វានជញ្ជាំង ២គ្រឿង, បង្កាន់ដៃដែក៣ផ្ទាំង, ចានដែក១ និងជណ្តើរ ដែក១ ដាក់លើរទេះគេចខ្លួន យកទៅលក់ឱ្យគេបានប្រាក់ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។
សមត្ថកិច្ចបន្តទៀតថា លុះដល់ថ្ងៃទី ៣១តុលាឆ្នាំ២០២៣ វេលាម៉ោង២និង៣០នាទីរសៀល សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យាន រដ្ឋា បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ សាកសួរ ហើយកំពុងតាមចាប់ខ្លួនបក្ខពួកម្នាក់ទៀត៕(ដោយ ប៉ូច គឹមសុខ)