ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចុះដឹកនាំបង្ក្រាបករណីគាស់ផ្ទះអ្នកលក់មាសនិង ប្ដូរប្រាក់ នៅស្រុងថ្ពង ខេត្តកំពង់ស្ពឺ យកអស់មាស២៥០តម្លឹង ដោយឃាត់ខ្លួនជនដៃដល់២នាក់ កាលពីថ្ងៃទី៣០តុលាឆ្នាំ២០២៣ នៅខេត្តបាត់ដំបង និង សៀមរាប ។
សមត្ថកិច្ចនិយាយថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ មានករណីលួចមានស្ថានទម្ងន់ទោស គាស់ផ្ទះប្រជាពលរដ្ឋលួចយកគ្រឿងអលង្ការ របស់អាជីវករលក់មាស និង ដូរប្រាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៤៤ ភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ យកអស់មាស២៥០តម្លឹង ។
សមត្ថកិច្ចបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជា មួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និង ទីកន្លែងលាក់ខ្លួន។
សមត្ថកិច្ចបន្តថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលជំនាញដឹកនាំ និងបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរ បាលខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, និងខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់២នាក់។
សមត្ថកិច្ចបន្តថា ជនសង្ស័យ២នាក់រួមមាន ទី១-ឈ្មោះ ប៉ិច ផាណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប និងទី២-ឈ្មោះ ណាម វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំស្នាក់នៅភូមិកំពង់ពិល ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយនាំយកមកនាយកដ្ឋាន ដើម្បីសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា «នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ពួកខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចគាស់ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ពិតប្រាកដមែន ដោយលួចបានគ្រឿងអលង្ការមាស និង ប្លាទីន ចំនួន២៥០តម្លឹង សរុបជាទឹកប្រាក់ចំនួន ១៦០,០០០ដុល្លារ ហើយបានគេចទៅលាក់ខ្លួននៅស្រុកកំណើត ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងកម្លាំងជំនាញនាយកដ្ឋានបានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕(ដោយ សំណាង៩៦)