ទាហានអ៊ីស្រាអែល វាយប្រហារលើជំរំជនភៀសខ្លួនរបស់ហ្គាហ្សា បណ្តាលឱ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត

បរទេស ៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មនុស្សរាប់សិបនាក់បានបាត់បង់ជីវិត កាលពីថ្ងៃអង្គារម្សិលមិញ នៅក្នុងការទម្លាក់គ្រាប់បែករបស់ទាហានអ៊ីស្រាអែល ទៅលើជំរំជនភៀសខ្លួនដ៏ធំបំផុតរបស់ហ្គាហ្សា ដោយទាហានអ៊ីស្រាអែល បានបញ្ជាក់ថា «ខ្លួនបានកំណត់គោលដៅទៅលើមេបញ្ជាការក្រុមហាម៉ាសដែលពាក់ព័ន្ធនឹងការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា»។

នៅជុំវិញបរិវេណជំរំ គឺពោរពេញដោយធូលីដី ខណៈដែលក្រុមអ្នកស្ម័គ្រចិត្តបានតោងតាមប្លុកបេតុងនិងសរសៃដែកនៅជំរំជនភៀសខ្លួនចាបាលីយ៉ា (Jabalia) ភាគខាងជើងហ្គាហ្សា ដើម្បីស្វែងរកសាកសពនិងអ្នកនៅរស់រានមានជីវិតដោយវីដេអូរបស់ AFP បង្ហាញសាកសពយ៉ាងហោចណាស់ ៤៧ នាក់ត្រូវបានរកឃើញ។

ចំណែកកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស គឺកងពលតូច អ៊ីសហ្សេឌីន អាល់-កាសសាម (Ezzedine al-Qassam) មិនមានការអត្ថាធិប្បាយភ្លាមៗលើការអះអាងនេះទេ ប៉ុន្តែបានប្តេជ្ញាយ៉ាងរហ័សថានឹងប្រែក្លាយតំបន់ហ្គាហ្សាទៅជា «ទីបញ្ចុះសព សម្រាប់កងទ័ពអ៊ីស្រាអែល»។

ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សារបស់ក្រុមហាម៉ាសបានផ្តល់ចំនួនអ្នកស្លាប់បឋមជាង ៥០ នាក់ និងរបួស ១៥០ នាក់ប៉ុន្តែបាននិយាយថា មនុស្សរាប់សិបនាក់ទៀតទំនងជាត្រូវបានកប់នៅក្រោមគំនរបាក់បែក ដោយថ្កោលទោសនូវអ្វីដែលគេហៅថា ការសម្លាប់រង្គាលដ៏សាហាវរបស់ទាហានអ៊ីស្រាអែល ទៅលើជំរំ។

ចំណែកអេហ្ស៊ីប ក៏​បាន​ថ្កោលទោស​ចំពោះ​ ការ​កំណត់​គោលដៅ​យ៉ាងអមនុស្សធម៌​របស់​អ៊ីស្រាអែលលើប្លុក​លំនៅឋាន។ ប្រភពនានាបាននិយាយថា រដ្ឋាភិបាលក្រុងគែរនឹងបើកច្រករ៉ាហ្វា (Rafah) ដើម្បីព្យាបាលប្រជាជនប៉ាឡេស្ទីនដែលរងរបួសនៅក្នុងអ្វីដែលនឹងក្លាយជាការបើកច្រកព្រំដែនលើកដំបូងដល់ជនស៊ីវិលចាប់តាំងពីជម្លោះបានផ្ទុះឡើង។

ឯប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់ក្នុងវិបត្តិនេះ បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំចាបាលីយ៉ា ហើយបានព្រមានថា ការវាយប្រហារបន្ថែមលើតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីននេះ នឹង ធ្វើឱ្យខូចដល់ការសម្របសម្រួលនិងបន្ថយកិច្ចខិតខំប្រឹងប្រែងនានា។

ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាងកងទ័ពជើងគោកអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធនៅភាគខាងជើងតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលជំរុញបេសកកម្មរបស់ខ្លួនដើម្បី វាយកម្ទេចក្រុមហាម៉ាស បន្ទាប់ពីពួកសកម្មប្រយុទ្ធនេះបានសម្លាប់មនុស្ស ១.៤០០ នាក់នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានវាយបកវិញជាមួយនឹងការទម្លាក់គ្រាប់បែកពីលើអាកាសឥតឈប់ឈរ ដែលក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សានិយាយថា «ឥឡូវនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៨.៥០០ នាក់ ដែលពីរភាគបីនៃពួកគេជាស្ត្រីនិងកុមារ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *