កងសង្រ្គោះបន្ទាន់៧១១ ចេញរថយន្តសាមុយ មកដឹកពីរនាក់ម្ដាយនិងកូន ជួបគ្រោះថ្នាក់ យកទៅសង្គ្រោះជីវិត

ភ្នំពេញ ៖ ពីរនាក់ម្តាយនិងកូនប្រុសរងរបួសធ្ងន់ ស្រាល បន្ទាប់ពីបើកម៉ូតូបម្រុងចូលចាក់ប្រេងសាំង ត្រូវបានរថយន្តកាមរី(បាឡែន)បើកបត់ឆ្លងផ្លូវជ្រុល ទៅបុកបណ្តាលឱ្យដួលរងរបួស ត្រូវបានកងកម្លាំង៧១១ នៃ កងពលតូចលេខ៧០ដឹកទៅសង្រ្គោះ កើតឡើងនៅវេលាម៉ោង៧និង ១០នាទីយប់ថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខការ៉ាស់សាំងptt ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

មន្ត្រីសង្គ្រោះបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ម្តាយនិងកូន ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១កងពលតូច លេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ តែនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយពួកគាត់ជិះម៉ូតូឌុបគ្នាម៉ាកហុងដា Beat ពណ៌ស ពាក់ស្លាក លេខភ្នំពេញ1IQ-9336 ។ចំណែកឯភាគីរថយន្តម៉ាកកាមរី(បាឡែន)ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2S-5595។

បើតាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងឡើយគេឃើញម៉ូតូមួយគ្រឿងបើកបរដោយមនុស្សប្រុសស្រីពីរនាក់ ត្រូវជាម្តាយនិងកូន តាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ,ខណៈមកដល់ចំណុចកើតហេតុខាងលើបម្រុងបត់ចូលចាក់សាំង ស្រាប់តែមានរថយន្តម៉ាកកាមរី(បាឡែន)បើកតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងមកជើងបញ្ច្រាស់គ្នាបានបត់ឆ្វេងដៃឆ្លងផ្លូវជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ស្រាលពីរនាក់ម្ដាយនិងកូនតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕(ដោយ ៖ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *