ព្រះវិហារ ៖ ដោយអនុវត្តតាមការណែនាំ របស់ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ នៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ លោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍ សាខាខេត្តព្រះវិហារ បានចាត់លោក ឆេង សុខម៉េងប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត និងលោកព្រំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់អនុសាខា ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោកយាយម្នាក់ កំពុងរស់នៅជាមួយចៅៗ ។
លោកយាយ នី វ៉ាន់ អាយុ៧៧ឆ្នាំ រស់នៅជាមួយចៅៗចំនួន ៦នាក់ ( ក្នុងនោះចៅម្នាក់មានជំងឺរ៉ាំរ៉ៃ )រស់នៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងជួបការខ្វះខាតជីវភាពយ៉ាងខ្លាំង ។
អំណោយនាពេលនោះមានដូចជា ៖ អង្ករចំនួន៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន ជាមួយថវិកាចំនួន១០ម៉ឺនរៀល។ ព្រមទាំងឧបត្ថម្ភស្ត្រីមានផ្ទៃពោះ ជិតគ្រប់ខែម្នាក់ចំនួន១០ម៉ឺនរៀល និង កុមារតូចៗ៦នាក់ ក្នុងម្នាក់ៗ៥ពាន់រៀល ។
លោកយាយ នី វ៉ាន់ មានសេចក្ដីរំភើបត្រេកអរខ្លាំង ព្រោះគាត់ទាល់មែនទែន មិនដឹងរកអ្វីដើម្បីជីវិតនិងចៅៗនោះទេសូម្បីអង្ករក៏រកមិនចង់បានផង ឥឡូវគាត់បានធូរមួយគ្រាហើយ ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជួយដល់ការងារសង្គម ដោយមិនរើសអើង និងសូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម ៕(ដោយ យស់ ហៃសុករា)