រដ្ឋបាលខណ្ឌ៧មករា ទទួលទេយ្យទាន និងថវិការឧបត្ថម្ភ ពីចៅអធិការវត្តចំនួន៣ ដើម្បីយកទៅប្រើប្រាស់បន្តក្នុងការមនុស្សធម៌

ភ្នំពេញ ៖ ព្រះគ្រូចៅអធិការចំនួន៣វត្ត នៅក្នុងមូលដ្ឋានខណ្ឌ៧មករា បានឧបត្ថម្ភទេយ្យទាន និង ថវិកាមួយចំនួន ដល់អនុសាខាការកាកបាទក្រហមខណ្ឌ៧មករា សម្រាប់ការបន្តយកទៅទ្រទ្រង់លើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ឬពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ជាដើម ។

ពិធីប្រគល់-ទទួល ទេយ្យទាន និង ថវិកាខាងលើ ធ្វើឡើងនៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងវត្តសំពៅមាស ខណ្ឌ៧មករា ក្រោមវត្តមានទទួលពីសំណាក់លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមទាំងក្រុមមន្ត្រី និងព្រះអធិបតីភាព ព្រះនាម ព្រះបិដកធម្ម ម៉ៅ នីម ព្រះរាជគណៈថ្នាក់ចត្វា ព្រះអនុគណខណ្ឌ៧មករា ព្រះគ្រូចៅអធិការវត្តព្រះពុទ្ធមានបុណ្យ រួមទាំងចៅអធិការ នៃបណ្តាវត្តដទៃផ្សេងទៀត ដែលបានចូលរួមឧបត្ថម្ភផងដែរ ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានថ្លែងអំណរគុណដល់ទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង៣ ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៌ជួយឧបត្ថម្ភទេយ្យទាន និង ថវិកា ដល់រដ្ឋបាលខណ្ឌ សម្រាប់យកទៅប្រើប្រាស់បន្តលើការងារមនុស្សធម៌ជួយដល់ពលរដ្ឋក្នុងមូលដ្ឋាន ដែលជួបប្រទះការលំបាក ។

លោកអភិបាលខណ្ឌ បញ្ជាក់ថា ជំនួយរបស់ព្រះគ្រូចៅអធិការវត្តទាំង៣នៅពេលនេះ គឺនឹងត្រូវយកទៅប្រើប្រាស់ឱ្យចំទិសដៅ ដោយនាំយកទៅបែងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរឡើយ ពោលគឺអនុវត្តតាមគោលការណែនាំរបស់ កាកបាទប្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ទេយ្យទានឧបត្ថម្ភកាកបាទក្រហមកម្ពុជា តាមរយៈអនុគណខណ្ឌ៧មករា រួមមាន បច័្ចយចំនួន ៦លានរៀល, អង្ករ២៤បាវ, មី ៨១កេស,ទឹកសុទ្ធ២៧កេស ,ទឹកក្រូច២៧កេស ,ទឹកត្រី-ទឹកសុីអីវ ៩៥យួរ រួមទាំង ស្ករ-ស, តែ, ទឹកដោះគោ, ត្រីខ កំប៉ុង សរុបជិត ២០០០កំប៉ុង៕

Leave a Reply

Your email address will not be published. Required fields are marked *