តារាសម្តែងវៀតណាម ត្រូវបានចាប់ខ្លួនដាក់គុក ៣ខែ ពីបទជិះម៉ូតូធំរំខានសណ្តាប់ធ្នាក់សាធារណៈ

បរទេស ៖ តារាបង្ហាញម៉ូតនិងជាតារាសម្ដែងវៀតណាម នាង ង៉ុក ឈិញ (Ngoc Trinh) ត្រូវបានឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ពីបទជិះម៉ូតូធំគ្មានបណ្ណបើកបរនិងបង្កអសណ្តាប់ធ្នាប់សង្គម ហើយបង្ហោះសកម្មភាពនេះនៅលើអនឡាញឱ្យមនុស្សរាប់លាននាក់មើល។

ប៉ូលិសក្រុងធូឌឹក (Thu Duc) បានប្រកាសថា «នាង ចាន់ធី ង៉ុកឈិញ (Tran Thi Ngoc Trinh) អាយុ ៣៤ ឆ្នាំនឹងត្រូវឃុំខ្លួនរយៈពេល ៣ ខែសម្រាប់ការស៊ើបអង្កេតលើបទចោទប្រកាន់ «រំខានដល់សណ្តាប់ធ្នាប់សាធារណៈ»។

គ្រូបង្វឹករបស់នាងឈ្មោះ ចាន់ វ៉ាន់ សុង (Tran Van Dong) អាយុ ៣៦ ឆ្នាំក៏ត្រូវបានចាប់ខ្លួនផងដែរពីបទ «បង្កើតត្រាឬឯកសារក្លែងក្លាយរបស់អង្គការមួយ ហើយប្រើប្រាស់វា»។ អាជ្ញាធរក៏បានឆ្មក់ឆែកឆេរផ្ទះរបស់នាងឈិញផងដែរហើយដកហូតឯកសារមួយចំនួន។

ចំពោះការឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប៉ូលិសជាច្រើននាក់ បានផ្ទៀងផ្ទាត់ព័ត៌មានអំពីនាងឈិញគ្រប់គ្រងម៉ូតូធំជាច្រើនគ្រឿង និងប្រព្រឹត្តិអំពើខុសច្បាប់នៅលើដងផ្លូវក្នុងទីក្រុងធូឌឹក (Thu Duc)។

ឯការស៊ើបអង្កេតបានបង្ហាញថា នាងឈិញ ទោះបីជាមិនមានបណ្ណបើកបរម៉ូតូធំក៏ដោយ ក៏នៅតែសហការជាមួយលោកសុងជិះម៉ូតូធំម៉ាក BMW ដែលមានទំហំស៊ីឡាំង ៩៩៩ cm3 កាលពីថ្ងៃទី ៦ ខែតុលា នៅលើផ្លូវ D15 នៃតំបន់Hi-Tech ក្នុងសង្កាត់តាងញ៉ុនភូប៊ីវ៉ាដ (Tang Nhon Phu B Ward) នៃទីក្រុងធូឌឹក ប្រទេសវៀតណាម ។

ប៉ូលិស​បាន​និយាយ​ថា «នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គ្រោះថ្នាក់ ដូចជា​ដេក និង​លុត​ជង្គង់​លើ​ម៉ូតូ ខណៈ​នាង​មិន​ពាក់​ឈុត​ការពារ​អ្វី​ឡើយ»។

សូមបញ្ជាក់ថា កាលពីដើមខែមុន លោកសុងក៏បានជួយនាងឈិញបើកម៉ូតូ Kawasaki Ninja នៅផ្លូវ Tran Bach Dang ក្នុងតំបន់ទីក្រុងធូធៀម (Thu Thiem) ផងដែរ ដោយបានធ្វើសកម្មភាពគ្រោះថ្នាក់ស្រដៀងគ្នា ដូចជាអង្គុយលើចំហៀងម៉ូតូឬព្រលែងដៃទាំងពីរពីចង្កូត។ នាងឈិញបានថតរាល់សកម្មភាពទាំងនេះ ហើយបង្ហោះវានៅលើបណ្តាញសង្គម៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *