ស្វាយរៀង ៖ ស្ត្រីជាម្ចាស់ទីតាំងម្នាក់ និង បុរសមេការម្នាក់ ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួន នាថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅចំណុចឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងពាក់ព័ន្ធករណី«ផលិតវេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត»។
សមត្ថកិច្ចនិយាយថា ដំបូងមានកម្លាំងនគរបាលជំនាញនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កម្លាំងនគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោកឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណី«ផលិតវេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត» នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ កាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតបាន ឡេលាបខ្លួនម៉ាកLuxury super២១កេស=៦០០kgs, ឡេលាបមុខ TD Night cream(ផលិតផលសម្រេច)=៤០០kgs, ម៉ាស៊ីនក្រឡុកឡេចំនួន= ៣៦គ្រឿង, វត្ថុធាតុដើមផ្សំសំរាប់ផលិតឡេចំនួន ០៩មុខ= ១.៨៦៨kgs,សំបកកញ្ចប់ក្រដាសវេចខ្ចប់= ៤៥០kgs, ប្លាស្ទីកវេចខ្ចប់= ១៣កេស និង សំបកខ្លងសំរាប់វេចខ្ចប់= ១.០០៥kgs។
ក្រោយពីបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចម្រុះបានដកហូតវត្ថតាងទាំងអស់និងបិទផ្លុំបេទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ និងលោក សុខតាយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ជាមេការ មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕