សង្ស័យផឹកថ្នាំបំបាត់ការឈឺចាប់ អស់២បន្ទះ រួចលោតពីលើដំបូលផ្ទះជាន់ទី២

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ត្រូវបានកូនប្រុសប្រទះឃើញ នៅក្រោយផ្ទះ សង្ស័យធ្លាក់ពីលើដំបូលផ្ទះជាន់ទី២ ហើយឃើញបាត់ថ្នាំបំបាត់ការឈឺចាប់អស់២បន្ទះ ដែលថ្នាំនេះកូនប្រុសបានទិញឱ្យលេបកាលពីល្ងាចមិញ ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ តុលា ២០២៣ នៅចំណុចភូមិ គោគឃ្លាង សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្តីកូនប្រុសកូនឈ្មោះ យឹម យីន អាយុ២៧ឆ្នាំ បានឱ្យដឹងថា ឪពុករបស់គាត់ឈ្មោះ យ៉ឺ យឿន អាយុ ៤៧ឆ្នាំមុខរបរបើកបរដឹកក្រណាត់ខោអាវ មានស្រុកកំណើត ភូមិ ត្រពាំងភ្លោះ ឃុំជ្រៃធំ ស្រុករមាសហែក ស្វាយរៀង ។

ប្រភពបានបន្តថា ឪពុករបស់ខ្លួនមានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយនិងលេបថ្នាំជាប្រចាំ ,តែមួយរយៈចុងក្រោយនេះ ពុំបានលេបថ្នាំនោះទេ ដោយអាការៈបានធូរស្បើយ និងមានវិបត្តិរឿងលុយកាក់ជំពាក់ធនាគារផងនិងជំពាក់ថៅកែ ដែលធ្វើការជាមួយផង ប៉ុន្តែប៉ុន្មានថ្ងៃភ្ជុំបិណ្ឌទៅលេងស្រុកនេះ ឪពុករបស់គាត់ផឹកស្រាច្រើន ធ្វើឱ្យជំងឺរើឡើងវិញ ។

ប្រភពបន្តថា នៅព្រឹកថ្ងៃ កើតហេតុនេះ ខ្លួនជាកូនបានចេញទៅធ្វើការទីតាំងផ្សេង រហូតនៅម៉ោងកើតហេតុបានទូរសព្ទមកឪពុក តែមិនមានអ្នកលើក រួចខ្លួនបានតេទៅប្រាប់ម្តាយនៅឯស្រុក ហើយម្តាយបានប្រាប់ថា «ឱ្យដើររកខាងក្រោយផ្ទះ ក្រែងឃើញ»។លុះទៅមើលក៏ឃើញនៅក្បែររបង ខាងក្រោយ តែពួកខ្លួនកូនៗបានលើកឪពុកចេញមកខាងមុខដើម្បីសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ។

ប្រភពដដែលបន្តថា ឪពុកបានបាក់ជើងស្តាំ និងជាំក្បាល ដោយសង្ស័យលោតពីលើដំបូលជាន់ទី២ និងថ្នាំបំបាត់ការឈឺចាប់ដែលទិញឱ្យ២បន្ទះកាលពីល្ងាចមិញក៏លេបអស់ទៀត។ ទើបរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចចចុះពិនិត្យ ដោយនគរបាលជំនាញកោសល្យវិច័យ ។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចរៀបចំឯកសារ រួចប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕(ដោយ ៖ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *