អ្នកសារព័ត៌មាន៥រូប បានទទួលជ័យលាភី ការប្រកួតប្រជែងរូបថតប្រចាំឆ្នាំ២០២៣ លើប្រធានបទ​ «សម្រស់សហគមន៍យើង»

ភ្នំពេញ ៖ អ្នកសារព័ត៌មាន៥រូប បានទទួលជ័យលាភី ការប្រកួតប្រជែងរូបថតប្រចាំឆ្នាំ២០២៣ លើប្រធានបទ​ «សម្រស់សហគមន៍យើង» ពីក្លិបអ្នក​កាសែតកម្ពុជា​ (ក.អ.ក)កាលពីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ នៅរាជធានីភ្នំពេញ ។

លោកពុយ គា ប្រធានក្លិបអ្នក​កាសែតកម្ពុជា​ បានឱ្យដឹងថា ចាប់ពីថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៣ ក្លិបអ្នក​កាសែតកម្ពុជា​ (ក.អ.ក) ដោយ​មាន​កិច្ច​សហការ​ពីក្រុម​ហ៊ុន​ ​ស៊ី ភី អល (ខេមបូឌា) ឯ.ក (CP ALL (Cambodia) Co., Ltd.) និង​ស្ថាប័នរដ្ឋចំនួន​៣រួម​មាន​៖  ក្រសួងប្រៃសណីយ៍  និងទូរគមនាគមន៍, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​ និង ក្រសួងទេសចរណ៍​ ​បានប្រកាសការប្រកួតប្រជែងរូបថតប្រចាំឆ្នាំ២០២៣ លើប្រធានបទ​ «សម្រស់សហគមន៍យើង» នៅក្នុងយុគសម័យឌីជីថល ដើម្បី​ផ្តល់​ឱកាស​ដល់អ្នក​សារព័ត៌មាន​ និង​អ្នក​ថតរូប​គ្រប់ទម្រង់នៅ​កម្ពុជា​បាន​បញ្ចេញស្នាដៃរូប​ថត​ផ្ទាល់​ខ្លួន​ដណ្តើម​ពាន​រង្វាន់រហូត៣លានរៀលសម្រាប់ជ័យលាភីលេខ១ និង​ពាន​ជើងឯក។

លោកពុយ គាបន្តថា គិតមក​ដល់​ថ្ងៃ​បិទការ​ទទួល​រូប​ថតសម្រាប់​ការ​ប្រកួតប្រជែង​ ក.អ.ក ទទួល​បាន​ស្នាដៃ​រូប​ថត​ពី​បេក្ខជនចំនួន​២៩រូប​ (៨៧សន្លឹក)  ដែល​មក​ពី​ស្ថាប័ន​ផ្សេងៗគ្នា​ ហើយ​រូប​ថតទាំងអស់ដែល​ដាក់​មកចូល​រួម ​បាន​បង្ហាញ​នូវ​ស្នាដៃ និង​ទេពកោសល្យក្នុង​ការ​ផ្តិតយក​រូប​ភាព​ដ៏ស្រស់ត្រកាល​នៃ​តំបន់រមណីយដ្ឋាន​ទេសចរណ៍, អេកូទេសចរណ៍, តំបន់ធន​ធាន​ធម្មជាតិ, វប្បធម៌, បរិស្ថាន រួម​ទាំង​ការ​អភិវឌ្ឍនៅកម្ពុជា។

លោកពុយ គា បន្តថា ដើម្បីធានាដល់ការ​​ពិនិត្យ និងវាយតម្លៃលើរូបថតទាំងអស់ឱ្យមានសុក្រិតភាព ក.អ.ក បានបង្កើតគណៈកម្មការ​​កំណែមួយដែលមានសមាសភាពបីរូប ៖ ទី១-លោក ហេង ស៊ីនិត្យ ជាអ្នកថតរូបអាជីពបម្រើក្នុងវិស័យសារព័ត៌មានជាតិនិងអន្តរជាតិជាង៣០ឆ្នាំមកហើយ ក្នុងនោះជិត២០ឆ្នាំជាមួយសារព័ត៌មានដ៏ល្បីរបស់អាមេរិក គឺAssociated Press ហើយក៏ជាគ្រូបង្រៀនផ្នែកថតរូបផងដែរ។

ទី២-លោក​ ឡាម៉ូ (La Mo) ជាសិល្បករថតរូប និងជាស្ថាបនិក (Unseen Cambodia) ដ៏ល្បីដែលធ្លាប់ទទួលបានពានរង្វាន់ផ្នែកថតរូបថ្នាក់តំបន់ និងអន្តរជាតិចំនួនពីរលើកកាលពីឆ្នាំ២០១៧ និង២០១៨, និងទី៣. លោក ពុយ គា ជាប្រធានអ្នកឆ្លងឆ្លើយឱ្យទីភ្នាក់ងារព័ត៌មាន Kyodo News របស់ជប៉ុនជិត៣០ឆ្នាំ និងជាប្រធានក្លិបអ្នកកាសែតកម្ពុជា។  

លោកពុយ គា បន្តថា គណៈកម្មការបានពិនិត្យ​និង​វិនិច្ឆ័យយ៉ាង​ល្អិត​ល្អន់ ​ហើយវាយតម្លៃជារួម​ថា រូប​ថតដែល​បេក្ខ​ជន​​ដាក់​ចូល​រួម​ប្រកួត​ប្រជែងមានភាពរស់រវើក ទាក់ទាញ និងស្រស់ស្អាត ហើយ​គណៈកម្មការ​សម្រេចជ្រើស​រើស​ជ័យ​លាភីចំនួន​៥រូប​ដើម្បី​ទទួល​ពានរង្វាន់។

អ្នកសារព័ត៌មានទាំង៥រូបរួមមាន ១-ជ័យ​លាភីលេខ១ លោកលន  ហ្សាឌីណា ជាអ្នកសារព័ត៌មានឯករាជ្យ ​ទទួល​បាន​ថវិកាចំនួន ​៣លាន​រៀល​ និងពាន​មួយ, ២-ជ័យ​លាភីលេខ​២ លោក គឹម បូរិន មកពីសារព័ត៌មាន​ភ្នំពេញថ្មី ទទួល​បាន​ថវិកាចំនួន        ២លាន​ ៥សែន​រៀល និងពាន​មួយ, ៣-ជ័យ​លាភីលេខ​៣ លោក តាំង ឈីនសុធី មកពីទីភ្នាក់ងារសារព័ត៌មាន AFP ​​​ទទួល​បានថវិកាចំនួន​ ២លាន​រៀល និងពាន​មួយ, ៤-ជ័យ​លាភីលេខ​៤ លោក ហុង មិនា  មកពីកាសែតភ្នំពេញប៉ុស្តិ៍ទទួល​បាន​ថវិកាចំនួន១លាន​​ ៥សែន​រៀល និងពាន​មួយនិង៥-ជ័យ​លាភីលេខ​៥ លោក ប៉ាន់ បូនីមកពីទូរទស្សន៍បាយ័ន ​ទទួល​បាន​ថវិកាចំនួន​១លាន​រៀល និងពាន​មួយ។ក្រៅពីរង្វាន់ខាងលើ ជ័យលាភីម្នាក់ៗក៏នឹង​ទទួល​បាន​នូវ​សម្ភារមួយចំនួន​បន្ថែម​ទៀត​។ ដោយ​ឡែក​​ចំពោះ​បេក្ខជន​ចូល​រួម​ប្រកួត​ប្រជែង ​តែ​មិន​ទទួល​ជ័យ​លាភីក៏ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ផងដែរ​។

ក្លិបអ្នក​កា​សែតកម្ពុជា​ បានកត់សម្គាល់​ថា ទោះបី​ជា​លើកទី១ សម្រាប់ការប្រកួត​ប្រជែង​នេះ ប៉ុន្តែអ្នក​សារ​ព័ត៌មាន​ និង​អ្នក​ថតរូប​ឯករាជ្យ​​បាន​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍ និងបានផ្ញើរូបថតមក​ចូល​រួម​ដណ្តើម​ពានរង្វាន់។ ក.អ.ក សម្តែង​ការ​អរគុណចំពោះ​បេក្ខជន​ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ ហើយ​បាន​សម្រិត​សម្រាំងស្នាដៃ​របស់​ខ្លួន​ ដើម្បី​ដណ្តើម​ពាន​រង្វាន់ ហើយក៏សូម​អបអរសាទរចំពោះជ័យលាភីទាំង៥ រូបផងដែរ។ ទន្ទឹមនោះ​ក៏សោកស្តាយ ចំពោះ​បងប្អូន​ជា​ច្រើន​ទៀត​ដែល​មាន​បំ​ណង​ចូល​រួម​ប្រកួត​ប្រជែង​ ប៉ុន្តែ​ពុំមាន​ពេល​​វេលាគ្រប់​គ្រាន់​ក្នុង​ការ​ផ្តិតយក​រូបភាពនិង​សម្រិតសម្រាំង​។

ក.អ.ក ជាថ្មីម្តងទៀតចាត់ទុក​ការ​ប្រកួត​ប្រជែង​នេះ​ មិន​គ្រាន់តែ​បង្ហាញ​នូវ​ស្នាដៃ ​ទេពកោសល្យ  ដ៏ប៉ិនប្រសប់របស់​បេក្ខជន​នីមួយៗនោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​មាន​អត្ថន័យគួរឲ្យកត់សម្គាល់នោះ​ ការ​ក្រកួត​ប្រជែង​រូប​ថត​នាពេល​នេះ ​បាន​រួម​ចំណែក​យ៉ាង​សំខាន់ដល់​ការ​ផ្សព្វផ្សាយ​ជួយដល់​វិស័យ​​ទេសចរណ៍នៅ​កម្ពុជា​។ តាម​រយៈរូប​ថត​ដែល​បាន​ចូល​រួម​ ហើយ​នឹង​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ទូលាយក្នុង​សារព័ត៌មាន​ជា  បន្ត​បន្ទាប់​នោះ ​អ្នក​ទេសចរណ៍ជាតិ និង​អន្តរជាតិ​នឹង​បាន​ស្វែង​យល់​ដឹង​បន្ថែម​ទៀត​អំ​ពី​តំបន់ទេសចរណ៍   ទាំង​ទេសចរណ៍ ធម្មជាតិ​ វប្បធម៌ បរិស្ថាន​ និង​តំបន់អេកូទេសចរណ៍រួម​ទាំង​ការ​អភិវឌ្ឍន៍លើ​គ្រប់វិស័យ​នៅ​កម្ពុជា​។

ក.អ.ក សូម​ថ្លែង​អំណរគុណចំពោះ​ក្រុម​ហ៊ុន​ ​​ស៊ី ភី អល (ខេមបូឌា) ឯ.ក  ក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​ និង ក្រសួងទេសចរណ៍​ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *