សហរដ្ឋអាមេរិក បោះឆ្នោតវេតូសេចក្តីសម្រេចចិត្ត របស់អ.ស.ប លើសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស

បរទេស ៖ លោកស្រី លីនដា ថូម៉ាស-ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) ឯកអគ្គរដ្ឋទូតអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកបានវេតូសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(អ.ស.ប.)កាលពីថ្ងៃពុធដែលអំពាវនាវឱ្យមាន «ការផ្អាកការវាយប្រហារដើម្បីមនុស្សធម៌»នៅក្នុងជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលកំពុងតែក្តៅគគុក ខណៈអត្ថបទនេះមិនបានទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន។

មានសមាជិកក្រុមប្រឹក្សាចំនួន ១២ ក្នុងចំណោម ១៥ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តដែលបានដាក់ចេញដោយប្រទេសប្រេស៊ីល ដែលបានថ្កោលទោសផងដែរចំពោះ «ការវាយប្រហារភេរវកម្មដ៏សាហាវដោយក្រុមហាម៉ាស ខណៈរុស្ស៊ី និង ចក្រភពអង់គ្លេសបោះអនុប្បវាទ»។

ចំណែកសហរដ្ឋអាមេរិក គឺជាអ្នកបោះប្រឆាំងតែមួយគត់ ប៉ុន្តែក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំរបស់ស្ថាប័ននេះ ដែលការបោះឆ្នោតរបស់ខ្លួនត្រូវបានរាប់ជា«សិទ្ធិវេតូ»។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប. លោកស្រី លីនដា ថូម៉ាស-ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បាននិយាយបន្ទាប់ពីការបោះឆ្នោតថា «សហរដ្ឋអាមេរិកមានការខកចិត្តចំពោះសេចក្តីសម្រេចចិត្តនេះ ដែលមិននិយាយអំពីសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល»។

ចំពោះចំណាត់ការនេះបានកើតឡើងខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងបំពេញទស្សនកិច្ចសាមគ្គីភាពនៅទីក្រុងតែលអាវីវ (Tel Aviv) ដើម្បីបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិក, ប៉ុន្តែថែមទាំងជំរុញឱ្យអ៊ីស្រាអែលអនុញ្ញាតឱ្យជំនួយចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានការព្រមានអំពីមហន្តរាយមនុស្សធម៌នៅក្នុងដែនដីដែលត្រូវបានហ៊ុមព័ទ្ធជិតនេះ។

លោក ហ្គីឡាដ អឺដាន (Gilad Erdan) ឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែលប្រចាំអ.ស.ប. បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកសម្រាប់ការវេតូ សេចក្តីសម្រេចចិត្តដ៏អាក្រក់ ហើយបាននិយាយថា «រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែបន្តឈរជាមួយយើងក្នុងគ្រាចាំបាច់»។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក រីយ៉ាដ ម៉ាន់សួ (Riyad Mansour) ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដោយព្រមានថា «ការសម្លាប់ជនជាតិប៉ាឡេស្ទីនបន្ថែមទៀតនឹងមិនធ្វើឱ្យអ៊ីស្រាអែលមានសុវត្ថិភាពឡើយ »។ សេចក្តីសម្រេចចិត្តនោះបាននិយាយថា ក្រុមប្រឹក្សា ថ្កោលទោសយ៉ាងខ្លាំងចំពោះរាល់អំពើហិង្សានិងអរិភាពប្រឆាំងនឹងជនស៊ីវិល និងរាល់អំពើភេរវកម្ម។

អត្ថបទនេះនិយាយទៀតថា ស្ថាប័ននេះ ច្រានចោលនិងថ្កោលទោសជាដាច់ខាតចំពោះការវាយប្រហារភេរវកម្មដ៏សាហាវដោយក្រុមហាម៉ាស…និងការចាប់ចំណាប់ខ្មាំង»។ អត្ថបទនេះក៏ជំរុញឱ្យភាគីទាំងអស់គោរពឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិផងដែរ។

ចំណែកអង្គការឃ្លាំមើលសិទិ្ធមនុស្សបានថ្កោលទោសការវេតូរបស់សហរដ្ឋអាមេរិក ដោយនិយាយនៅក្នុងការប្រកាសនៅលើ X ថា «វាបានរារាំងក្រុមប្រឹក្សាសន្តិសុខ ពីសកម្មភាពលើអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅគ្រាដែលមានការសម្លាប់រង្គាលមិនធ្លាប់មានពីមុនមក»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *