កាប់ទៅលើស្រ្តីដែលជាអតីតសង្សារ ត្រូវប៉ូលិសឃាត់ខ្លួន

ភ្នំពេញ ៖ មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនល្មើសជាអតីតសង្សារ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់សម្លាប់ស្រ្តីខាងលើ បណ្ដាលឱ្យបាត់បង់ជីវិតនៅក្នុងផ្ទះ ស្ថិតនៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខក្រោយធ្វេីសកម្មភាពរួច ជនសង្ស័យ​បានរត់គេចខ្លួនបាត់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីយប់ ។

សមត្ថកិច្ចនិយាយថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអនុសេនីយ៍ឯក​ ឆាន់​ គឹមលី​ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និង នគរបាលខេត្តស្វាយរៀងបានធ្វើការស្រាវជ្រាវនិងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋានខេត្តស្វាយរៀង​ ឃាត់ខ្លួនជនសង្ស័យឈ្មោះ​ លឿង ផល្លី ភេទ​ ប្រុស​ អាយុ​៣៣ឆ្នាំ​ ជនជាតិខ្មែរ​ នៅត្រង់ចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង ។​ចំណែកជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅភូមិចង្ក្រង ឃុំចង្ក្រងស្រុកចិត្របុរី ខេត្តក្រចេះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឱ្យទៅអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាម៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *