ជនជាតិស៊ុយអែត២នាក់បាត់បង់ជីវិត នៅក្រុងព្រុចសែល ដោយសារខ្មាន់កាំភ្លើង នាំឱ្យបញ្ឈប់ការប្រកួតបាល់ទាត់រវាងបែលហ្ស៊ិកនិងស៊ុយអែត

បរទេស ៖ ខ្មាន់កាំភ្លើងម្នាក់បានបាញ់ជនជាតិស៊ុយអែតពីរនាក់ នៅទីក្រុងព្រុចសែលកាលពីល្ងាចថ្ងៃចន្ទ ដោយជំរុញឱ្យអាជ្ញាធរបញ្ឈប់ការប្រកួតបាល់ទាត់រវាងស៊ុយអែតនិងបែលហ្ស៊ិក ហើយនាំឱ្យអ្នកគាំទ្របាល់ទាត់ជាង ៣៥.០០០នាក់លាក់ខ្លួននៅក្នុងពហុកីឡដ្ឋានជាតិអស់ជាច្រើនម៉ោង ខណៈដែលរដ្ឋធានីបានប្រកាសអាសន្នភេរវកម្មកម្រិតខ្ពស់បំផុតក្នុងពេលដែលជនវាយប្រហារកំពុងគេចខ្លួន។

បើតាមមជ្ឈមណ្ឌលប្រឆាំងភេរវកម្មរបស់បែលហ្ស៊ិកបាននិយាយថា «ហេតុការណ៍នេះបានកើតឡើងនៅចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីកីឡដ្ឋានដែលមានអ្នកគាំទ្រជាង ៣៥.០០០ នាក់កំពុងមើលបាល់ទាត់រវាងប៊ែលហ្សិកនិងស៊ុយអែត។ ការប្រកួតត្រូវបានផ្អាកតាំងពីពាក់កណ្តាលទី»។

ចំណែកអ្នកនាំពាក្យមជ្ឈមណ្ឌលប្រឆាំងភេរវកម្ម លោកស្រី ឡូរ៉ា ដេមូលីយ៉េ (Laura Demullier) បាននិយាយថា«ប្រជាជនត្រូវតែមានការប្រុងប្រយ័ត្នយ៉ាងសកម្ម និងចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ។ អាទិភាពកំពូលសម្រាប់អាជ្ញាធរគឺធ្វើឱ្យអ្នកគាំទ្ររាប់ពាន់នាក់ចាកចេញពីកីឡដ្ឋាន King Baudouin ដោយសុវត្ថិភាព»។

មជ្ឈមណ្ឌល​នេះ​បន្ត​ថា ការ​ប្រកាស​អាសន្ន​ភេរវកម្ម​សម្រាប់​ប្រទេសទាំងមូល​ត្រូវ​បាន​ដំឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ទីពីរ។ ការ​ដំឡើង​កម្រិតអាសន្ន​ភេរវកម្ម​ក្នុង​រដ្ឋធានី​ដល់​ចំណាត់ថ្នាក់​កំពូល​ទាំង​៤ មានន័យថា «ការគំរាមកំហែង​គឺ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​»​។ វាពីមុនឈរនៅលេខ ២ ដែលមានន័យថា ការគំរាមកំហែងគឺមធ្យម។

លោក អាឡិចសាន់ឌឺ ដេ គ្រូ (Alexander De Croo) នាយករដ្ឋមន្រ្តីបាននិយាយថា «ខ្ញុំទើបតែបានចូលរួមរំលែកទុក្ខដ៏ស្មោះស្ម័គ្ររបស់ខ្ញុំទៅកាន់នាយករដ្ឋមន្ត្រីស៊ុយអែត បន្ទាប់ពីការវាយប្រហារដ៏អាក្រក់កាលពីយប់មិញលើពលរដ្ឋស៊ុយអែតនៅទីក្រុងព្រុចសែល»។ គាត់បានបន្ថែមនៅលើ X ដែលពីមុនគេស្គាល់ថា Twitter ថា «ក្នុងនាមជាដៃគូជិតស្និទ្ធ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគឺជាការរួមគ្នា»។

ឯលោក អេរិក វ៉ាន់ ដយ (Eric Van Duyse) អ្នក​នាំ​ពាក្យ​ការិយាល័យ​រដ្ឋអាជ្ញា​សហព័ន្ធ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា «ការ​ស៊ើប​អង្កេត​គឺ​ផ្តោត​ទៅ​លើ លទ្ធភាពជំរុញ​ទឹកចិត្តរបស់​ភេរវជនសម្រាប់​ការ​បាញ់​ប្រហារនេះ»។

លោកដយមិនបាននិយាយថា ជនសង្ស័យប្រហែលស្ថិតនៅទីណាឬក៏ថាតើជនសង្ស័យចូលរួមអាចមានលើសម្នាក់ឬយ៉ាងណាទេ។ លោកនិយាយថា ជនសង្ស័យនៅកំពុងលាក់ខ្លួននៅឡើយ៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *