សមត្ថកិច្ចបញ្ជាក់ថា «លោកឧកញ៉ាឈាង រ័ត្ន ស្លាប់ដោយសារធ្វើអត្តឃាត»

ភ្នំពេញ ៖ ទោះបីលើបណ្តាញសង្គមបានវិភាគថា លោកឧកញ៉ាឈាង រ័ត្ន ស្លាប់ដោយសារករណីនេះ ករណីនោះក៏ដោយ ជាផ្លូវការសមត្ថកិច្ចបញ្ជាក់ថា «លោកឧកញ៉ាឈាង រ័ត្ន ស្លាប់ដោយសារធ្វើអត្តឃាត»ពោលគឺចងកសម្លាប់ខ្លួនឯង ។

ហេតុការណ៍ខាងលើនេះបានកើតឡើង នាថ្ងៃទី១១តុលាឆ្នាំ២០២៣ វេលាម៉ោង ២និង៥០នាទីរសៀល នៅចំណុចផ្ទះលេខ១៤២A ផ្លូវR១២ បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ឈាង រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាពាណិជ្ជករនិងជាឧកញ៉ា ស្នាក់នៅផ្ទះកើតហេតុ។

យោងតាមការបំភ្លឺពីឈ្មោះ លី ហ្គេច ជាម្តាយបង្កើត ,ឈ្មោះម៉ៅ ស៊ីវន ជាប្អូនថ្លៃ, ឈ្មោះឈាង ណាសុីន ជាប្អូនបង្កើតបានឱ្យដឹងថា សពជនរងគ្រោះ មានវិបត្តិគ្រួសារជាមួយប្រពន្ធ រឿង«លែងលះគ្នា តែមិនទាន់ដាច់ស្រាច់» និងបានមកស្នាក់នៅផ្ទះជាមួយម្តាយ(ផ្ទះកើតហេតុ) រយៈពេលជាងកន្លះខែមកហើយ។ 

សមត្ថកិច្ចបន្តថា លុះដល់ម៉ោង០៨និង១០នាទី ថ្ងៃទី១១តុលាឆ្នាំ២០២៣ ក្រុមគ្រួសារចេញទៅវត្តនៅខេត្តព្រៃវែង ចំណែជនរងគ្រោះប្រាប់ថា«ទៅមើលចិនសែនៅខេត្តកំពង់ចាម»។ លុះដល់ម៉ោង២និង៥០នាទីរសៀល ថ្ងៃដដែល ក្រុមគ្រួសារត្រឡប់មកផ្ទះវិញ ចាក់សោរបងចូលក្នុងផ្ទះឃើញជនរងគ្រោះ ចងកនឹងខ្សែអង្រឹងភ្ជាប់នឹងជណ្តើរដែកចំហៀងផ្ទះខាងក្រោយកម្ពស់៤ម៉ែត្រស្លាប់បាត់ទៅហើយ។

បើតាមការសន្និដ្ឋានរបស់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតាមការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា «ស្លាប់ដោយចង ក ធ្វើអត្តឃាតពិតប្រាកដមែន»។បច្ចុប្បន្ន សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *