ឆេះកន្លែងស្នាក់នៅ របស់ជាងរថយន្តផ្អើលដល់សមត្ថកិច្ចទាំងយប់

ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីឆេះកន្លែងស្នាក់នៅរបស់ជាងជួសជុលរថយន្តក្រុង ផ្អើលដល់សមត្ថកិច្ចទាំងយប់នៅក្នុងដីឡូមួយកន្លែងកើតហេតុនៅវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ត្រង់ចំណុចតាមបណ្តោយផ្លូវលេខ១៩៦៦ ភូមិពោងពាយ ក្រុមទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះចាប សុធារី  ភេទស្រី មុខរបរមេផ្ទះ ។ ភ្លើងបានឆេះកន្លែងដេកជាប្រភេទទូកុងតឺន័រទំហំ២ម៉ែត្រគុណនឹង៤ម៉ែត្រឆេះអស់ទាំងស្រុង និងសម្ភារជួសជុលរថយន្តអស់មួយចំនួនទៀត។

តាមការរៀបរាប់របស់ម្ចាស់ទីតាំងបានឱ្យដឹងថា ដំបូងគាត់ឃើញផ្សែងហុយចេញពីកន្លែងស្នាក់នៅរបស់ជាងរបស់គាត់ពីព្រោះជាងរបស់គាត់បានសុំទៅលេងស្រុកព្រឹកមិញហើយ គាត់មិនបានបិតបារ៉ែតភ្លើងនោះទេ ទើបបានបង្កជាអគ្គីភ័យឆាបឆេះកន្លែងស្នាក់នៅយ៉ាងសន្ធោសន្ធៅតែម្តង។

គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ចំនួន ១គ្រឿងបានបាញ់ឱ្យរលត់ទៅវិញនៅវេលាម៉ោង៨និងនិង៣០នាទីយប់នៅថ្ងៃខែឆ្នាំដដែល។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុគឺឆ្លងចរន្តអគ្គិសនី។ តែមិនមានឆ្លងរាលដាលទៅដល់ផ្ទះអ្នកជិតខាងនោះទេ និងមិនមានរងរបួសដល់មនុស្សឡើយ៕(ដោយ ៖ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *