បុរសជាសន្តិសុខម្នាក់ជាប់ខ្នោះដៃដោយសារ«មាត់»

ភ្នំពេញ ៖ បុរសជាសន្តិសុខឯកជនម្នាក់ជាប់ខ្នោះដៃដោយសារ«មាត់»ដែលបានគំរាមកំហែងថា«នឹងសម្លាប់» កើតឡើងនៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី ១០តុលាឆ្នាំ២០២៣ វេលាម៉ោង២និង២០នាទីរសៀល ,មួយថ្ងៃក្រោយមកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

សមត្ថកិច្ចមូលដ្ឋាននិយាយថា ជនរងគ្រោះឈ្មោះ ហោ ហៀង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ចំណែកជនសង្ស័យឈ្មោះ ពេជ្រ ភក្តី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខហាងម៉ាស្សាស្ទីម សូណាស្រ្ទីតវ័ន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី ១០តុលាឆ្នាំ២០២៣ ម៉ោង២និង២០នាទីរសៀល ជនរងគ្រោះមានទំនាស់ពាក្យសម្តីជាមួយឈ្មោះ សិដ្ឋ សាល រឿងហាលខោអាវ-កន្សែងនៅលើផ្លូវសាធារណៈ ។ ពេលនោះជនសង្ស័យផឹកស្រាស្រវឹងផងក៏បានធ្វើកាយវិការ និង ប្រើពាក្យសម្តីគំរាមទៅលើជនរងគ្រោះថា «នឹងយកកាំភ្លើងមកឲ្យអញ អញបាញ់អាចុយម្រាយហ្នឹង!»។ បន្ទាប់មកនាំគ្នាជិះម៉ូតូម៉ាក Honda PCX ពណ៌ស ស្លាកលេខ នគរបាល ១-០១០៨ ចេញបាត់ទៅ។ 

សមត្ថកិច្ចបន្តទៀតថា លុះដល់ថ្ងៃទី ១១តុលាឆ្នាំ២០២៣ ម៉ោង១២និង៣០នាទី សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យ នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រួមជាមួយម៉ូតូ០១គ្រឿងម៉ាកខាងលើ រួចបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ សាកសួរ។ ចំណែកអាវុធខ្លី ដែលជនសង្ស័យប្រើសម្តីគំរាមជនរងគ្រោះនោះ គឺ«ពុំមានទេ»៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *