ម៉ូតូ២គ្រឿងបើកលឿនបុកគ្នាចំពីមុខ យ៉ាងពេញទំហឹង នៅខណ្ឌដង្កោ

ភ្នំពេញ ៖ និស្សិតវិស្វករម្នាក់បានបាត់បង់ជីវិតនិង យុវជនយុវតីពីរនាក់ទៀតរង របួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូវ៉ាជែញរថយន្តទៅបុកគ្នាចំពីមុខយ៉ាងពេញទំហឹងកើតឡើងកាលវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃពុធទី១១ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចទល់មុខច្រកចូលភូមិត្នោតជ្រុំ ផ្លូវលេខ៣៧១ សង្កាត់- ខណ្ឌដង្កោ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ សយ ម៉េងឆៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរជានិស្សិតផ្នែកវិស្វករឆ្នាំទី៥ រស់នៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាស្កូពីពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JN-4408 ជិះតែម្នាក់ឯង ។ចំណែកភាគីម្ខាងទៀតគឺយុវជនម្នាក់និងយុវតីម្នាក់រងរបួសធ្ងន់ស្រាលមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាក ស៊ុយសាគីនិច ពណ៌សលាយបៃតងពាកស្លាកលេខភ្នំពេញ1CC-1106 ។

តាមប្រភពបន្តថា ដំបូងឡើយគេឃើញមនុស្សប្រុសស្រី២នាក់ជិះម៉ូតូនិច តាមបណ្ដោយផ្លូវលេខ៣៧១ទិសដៅពីកើតទៅលិច ហើយបានវ៉ារថយន្តមួយគ្រឿងចូលចំណីផ្លូវខាងម៉ូតូស្កូពី ដែលបើកតាមបណ្ដោយផ្លូវលេខ៣៧១ទិសដៅពីលិចមកកើតយ៉ាងលឿន ក៏បានបុកគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូស្កូពីបាត់បង់ជីវិត, ចំណែកឯអ្នកជិះម៉ូតូនិចរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះជីវិត។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕(ដោយ ៖ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *