ឃាត់នាងក្រមុំម្នាក់ជាអ្នកបម្រើក្នុងផ្ទះ ធ្វើសកម្មភាពបោកកូនជ្រូកដីលួចលុយនិងម៉ូតូ

ភ្នំពេញ ៖ នាងក្រមុំម្នាក់ជាអ្នកបម្រើក្នុងផ្ទះ បានធ្វើសកម្មភាពបោកកូនជ្រូកដីលួចលុយនិងម៉ូតូ ខណៈម្ចាស់ផ្ទះទៅមន្ទីរពេទ្យពិនិត្យជំងឺ កើតឡើងនៅចំណុចផ្ទះលេខ៣០ ផ្លូវលេខ៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារ អំពៅកាលពីថ្ងៃទី ០៩តុលាឆ្នាំ២០២៣ ម៉ោង០៩និង៣០នាទី រហូតដល់ថ្ងៃទី១០តុលាទើបឃាត់ខ្លួនបាន នៅខេត្តកំពង់ចាម ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះសុខ ឡាង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឈ្មោះ ភ.ឌ.ណ.ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើ ស្នាក់នៅផ្ទះកើតហេតុ។ 

សមត្ថកិច្ចបម្តថា កាលពីថ្ងៃទី ០៩តុលាឆ្នាំ២០២៣ ម៉ោង០៩និង៣០នាទី ជនរងគ្រោះ និងក្រុមគ្រួសារបានទៅ ព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយទុកឱ្យជនសង្ស័យជាអ្នកបម្រើនៅមើលផ្ទះ ,ពេលនោះជនសង្ស័យក៏យកកូនជ្រូកដី ដែលជនរងគ្រោះសន្សំប្រាក់ទៅបោកបំបែកលួចយកប្រាក់ប្រហែល ៦,០០០ដុល្លារ និងម៉ូតូ ០១គ្រឿង ម៉ាកហុងដាធូឌេពណ៌ក្រហម  ពាក់ស្លាកលេខ ភ្នំពេញ ១IG-៥០១៦ គេចខ្លួន។ 

សមត្ថកិច្ចបន្តទៀតថា លុះដល់ថ្ងៃទី ១០តុលាឆ្នាំ២០២៣ ម៉ោង៥និង៣០នាទីល្ងាច ជនរងគ្រោះតាមរកឃើញជនសង្ស័យនៅឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្រង៉ែ ឃាត់ខ្លួនរួមជាមួយវត្ថុតាងប្រាក់ ១,០៧០ដុល្លារ និងកាបូបមួយ រួចប្រគល់ជូន សមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការបន្ត។ ចំណែកម៉ូតូជនសង្ស័យទៅផ្ញើមិត្តភក្តិ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *