អ៊ីស្រាអែលត្រូវបានចោទថា បាញ់ត្រូវសមាជិកហេសប៊ូឡា៣នាក់ នៅលីបង់

បរទេស ៖ ក្រុមហេសប៊ូឡាដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា ការបាញ់ប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់បានបណ្តាលឱ្យសមាជិករបស់ខ្លួនបីនាក់បាត់បង់ជីវិតកាលពីថ្ងៃចន្ទម្សិលមិញ ខណៈដែលភាពតានតឹងបានកើនឡើងបន្ទាប់ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបានព្យាយាមជ្រៀតចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីប្រទេសលីបង់។

ជម្លោះនៅតាមព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលបានកើតឡើង២ថ្ងៃជាមួយប្រទេសលីបង់ បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់ បានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកលើផ្នែកខាងត្បូងរបស់អ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប។

ក្រុមហេសប៊ូឡាបាននិយាយថា «ពួកគេបានចេញសេចក្តីថ្លែងការណ៍ចំនួនបីដាច់ដោយឡែកពីគ្នាដែលបញ្ជាក់ពីការស្លាប់របស់សមាជិករបស់ខ្លួន ដែលពួកគេទាំងអស់ បានធ្វើទុក្ករកម្មជាលទ្ធផលនៃការឈ្លានពានរបស់ពួកជ្វីហ្វនិយមនៅភាគខាងត្បូងប្រទេសលីបង់នៅរសៀលថ្ងៃចន្ទម្សិលមិញ»។

បន្ទាប់មកក្រុម​នេះបាននិយាយថា «ពួកគេ​បាន​សងសឹក​ដោយ​វាយ​ប្រហារ​បន្ទាយ​ទាហានអ៊ីស្រាអែល​ចំនួនពីរ​​»។

ចំណែកក្រុមហេសប៊ូឡាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រុមតស៊ូអ៊ីស្លាម (ហេសប៊ូឡា) ក្នុងការឆ្លើយតបដំបូង បានវាយប្រហារបន្ទាយទាហានអ៊ីស្រាអែលចំនួនពីរ ដោយប្រើមីស៊ីលបញ្ជាទិសនិងគ្រាប់កាំភ្លើងត្បាល់ដែលវាយចំពួកគេដោយផ្ទាល់»។

ឯសហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ  បាន​ព្រមាន​ក្រុម​មូស្លីម​និកាយ​ស៊ីអ៊ីតនេះកុំឱ្យ​បើកសមរភូមិ​មួយ​ទៀត ​ក្នុង​សង្រ្គាម​ជាមួយ​អ៊ីស្រាអែល។

ចំណែកមន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកកាសែតថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីក្រុមហេសប៊ូឡាធ្វើការសម្រេចចិត្តខុស ហើយជ្រើសរើសបើកសមរភូមិទីពីរចំពោះជម្លោះនេះ»៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *