ពលករខ្មែរ២នាក់ប្តីប្រពន្ធ វិលត្រឡប់ពីប្រទេសថៃ ដល់អូរព្រំដែនខ្មែរ-ថៃ ស្រាប់តែសម្រាលកូន

បន្ទាយមានជ័យ ៖ ពលករខ្មែរ២នាក់ប្តីប្រពន្ធ វិលត្រឡប់ពីធ្វើការនៅប្រទេសថៃដល់អូរព្រំដែន ក៏បានសម្រាលកូនត្រូវបានកម្លាំងសមត្ថកិច្ចព្រំដែនជួយអន្តរាគមន៍សង្គ្រោះឆ្លងទឹកជំនន់ប្រកបដោយសុខសុវត្ថិភាព នៅថ្ងៃទី០៤ ខែតុលាឆ្នាំ២០២៣ នៅចំណុចភូមិ-ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សុខ ចន្ថា ជំនួយការសេនាធិការវរសេនាតូចថ្មើជើងលេខ៥១១ បានឱ្យដឹងថា ពលករដែលត្រឡប់ពីថៃ២នាក់ គឺប្តីឈ្មោះ វ៉ាន់ ដេត អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ ណា វិន អាយុ២៤ឆ្នាំមានស្រុកកំណើតនៅភូមិទួលឃ្លាំងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោកបន្តថា ពលករខ្មែរ២នាក់ប្តីប្រពន្ធនិងកូនប្រុសម្នាក់ បានវិលត្រឡប់ពីធ្វើការនៅប្រទេសថៃ តាមច្រករបៀងខុសច្បាប់ ស្រាប់តែឈឺពោះសម្រាលកូនក្នុងទឹកដីថៃជាប់ព្រំដែនត្រូវបានកម្លាំងរបស់លោកជួយអន្តរាគមន៍យកធុងលាយស៊ីម៉ង់ដាក់ឆ្លងអូរព្រំដែន ដែលទឹកកំពុងជន់ហូរខ្លាំង ដាក់កូនប្រុសម្នាក់ហើយស្ត្រីសម្រាលកូនត្រូវបានដឹកតាមម៉ូតូកងបីទៅកាន់មណ្ឌលសុខភាពបឹងបេងស្រុកម៉ាឡៃ។

លោកវរសេនីយ៍ត្រី សុខ ចន្ថា បញ្ជាក់ថា ក្រោយពេលដែលជួយសង្គ្រោះពលករខ្មែរ១គ្រួសារ ដែលប្រពន្ធមានផ្ទៃពោះហើយសម្រាលកូននៅក្បែរអូរព្រំដែនថៃ-កម្ពុជានោះត្រូវបានជួយអន្តរាគមន៍ទាន់ពេលវេលា និង បានសុខសុវត្ថិភាព ៕(ដោយ សំណង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *