រថយន្តដឹកខ្យងបើកបរខ្វះកាប្រុងប្រយ័ត្នជ្រុលបុកម៉ូតូហុងដាឌ្រីម បើកបរដោយស្ត្រីម្នាក់

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកខ្យងមួយគ្រឿង បើកបររំលោភភ្លើងស្តុប ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម​បណ្តាលឱ្យស្ត្រីម្នាក់បាត់បង់ជីវិត កើតឡើងកាលពីវេលាម៉ោង៦និង២០ នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបតាមផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុង៤២ ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។

ប្រភពបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះសឿ ថាវី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិរមាសឈរ ឃុំគោកខ្ចកស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1U-6038 ។ 

ចំណែករថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1305 ដឹកខ្យង បើកបរដោយឈ្មោះ ជួងវិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

ប្រភពបន្តថា ដំបូងរថយន្តបង្កបើកតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្តុបលោតភ្លើងក្រហមទៅហើយ តែរថយន្តបែរជាបន្ថែមល្បឿនទៅមុខ ទើបជ្រុលទៅបុកស្ត្រីរងគ្រោះ កំពុងជិះម៉ូតូតាមផ្លូវលេខ៤២ ពីកើតទៅលិច អូសជាង៣០ម៉ែត្រ ទើបរថយន្តឈប់បណ្តាលឱ្យស្ត្រីរងគ្រោះបាត់បង់ជីវិតភ្លាមៗ,ម៉ូតូខ្ទេចស្ទើរទាំងស្រុង ហើយសមត្ថកិច្ចប្រចាំគោលដៅឃាត់អ្នកបើកបរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះទៅអន្តរាគមន៍ ប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។ ចំណែករថយន្តបង្ក អ្នកបើកបរ និងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *