ឆក់កាបូបពីស្ត្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ត្រូវនគរបាលស្រុកត្រាំកក់ឃាត់ខ្លួន២នាក់

តាកែវ ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលស្រុកត្រាំកក់ ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបតាមផ្លូវសាធារណៈពីស្ត្រីម្នាក់ នាថ្ងៃពុធ ទី៤ខែតុលាឆ្នាំ ២០២៣វេលាម៉ោង ៦និង៣៧នាទី នៅចំណុចលើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិចំការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះសេក សារុន ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអង្គរជ័យ សង្កាត់ដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។ចំណែកជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះនួន ចាន់ដារ៉ា ហៅរ៉ាដូ ភេទប្រុស អាយុ២០ឆ្នាំទីលំនៅភូមិ កកោះឃុំខ្វាវស្រុកទ្រាំងខេត្តតាកែវ ជាអ្នកឆក់ និង២-ឈ្មោះគា និត ហៅជីវ័ន ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិបឹង ឃុំតាំងក្រសាំង ស្រុកបាធាយខេត្តកំពង់ចាម ,បច្ចុប្បន្នស្នាក់នៅម្ដុំវត្តជម្ពូវ័ន ជាអ្នកបើកម៉ូតូ។ ព្រមទាំងដកហូតវត្ថុតាងម៉ូតូហុងដា ពណ៌ស ស៊េរី2023 ពាក់ស្លាកលេខភ្នំពេញ1Kj-3556។

សមត្ថកិច្ចបន្ត ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូស្ពាយកាបូបតាមផ្លូវជាតិលេខ ៣ ចេញពីផ្សារអង្គតាសោមដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជមសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូប បណ្ដាលឱ្យដួលម៉ូតូអូសប្រហែល១០ម៉ែត្រ រងរបួសស្រាល តែមិនមានបាត់បង់សម្ភារអ្វី ឡើយ។ 

ក្រោយកើតហេតុភ្លាមកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងប្រជាការពារ បានចេញធ្វើអន្តរាគមន៍ភ្លាមៗដោយស្ទាក់ឃាត់បានជនសង្ស័យ២នាក់នៅត្រង់ចំណុចភូមិត្រពាំងខ្នារ ឃុំអង្គតាសោមតែម្តង។ ជនសង្ស័យបានសារភាពថា«ពួកគេទាំងពីរនាក់បានធ្វើសកម្មភាពឆក់តាមដងផ្លូវជាតិលេខ៣ និងលេខ២២ បានចំនួន៤លើក។

បច្ចុប្បន្នបានកសាងឯកសារបញ្ជូនសំណុំរឿងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *