បរទេស ៖ ក្រសួងការពារជាតិតួកគីបានប្រកាសថា «យន្តហោះចម្បាំងតួកគីបានធ្វើការវាយប្រហារតាមអាកាសទៅលើគោលដៅសង្ស័យរបស់ក្រុមសកម្មប្រយុទ្ធឃឺដ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យម្សិលមិញបន្ទាប់ពីការវាយប្រហារអត្តឃាតលើអគាររដ្ឋាភិបាល ក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី»។
ក្រសួងបាននិយាយថា គោលដៅចំនួន ២០ នៃគណបក្សពលករឃឺដ ឬ PKK ត្រូវបានបំផ្លាញ នៅក្នុងប្រតិបត្តិការពីលើអាកាសចុងក្រោយបង្អស់ រួមទាំងរូងភ្នំ ជម្រក និងឃ្លាំង ដោយបន្ថែមថា ប្រតិបត្តិការ PKK មួយចំនួនធំត្រូវបានបំផ្លាញក្នុងការវាយប្រហារខាងលើនេះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃអាទិត្យ ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រឿងផ្ទុះនៅជិតច្រកចូលក្រសួងមហាផ្ទៃ ដោយបណ្តាលឱ្យមន្ត្រីប៉ូលិសពីរនាក់រងរបួស។ ជនវាយប្រហារទីពីរត្រូវបានសស្លាប់ក្នុងការបាញ់ប្រហារជាមួយប៉ូលិស។
បើតាមPKK ដែលរក្សាមូលដ្ឋាននៅភាគខាងជើងអ៊ីរ៉ាក់ បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ,នេះបើតាមទីភ្នាក់ងារសារព័ត៌មានដែលស្និទ្ធនឹងក្រុមឧទ្ទាមនេះ។ ក្រសួងមហាផ្ទៃតួកគីក៏បានកំណត់អត្តសញ្ញាណជនវាយប្រហារម្នាក់ថាជាសមាជិកនៃក្រុមក្រៅច្បាប់នេះផងដែរ។ ក្រសួងបាននិយាយថាកិច្ចខិតខំប្រឹងប្រែងនៅតែកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណជនវាយប្រហារទីពីរ។
ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងមុនពេលសភាតួកគីបើកដំណើរការឡើងវិញបន្ទាប់ពីការឈប់សម្រាករដូវក្តៅរយៈពេលបីខែ ជាមួយនឹងសុន្ទរកថារបស់ លោករីស៊ីប ថាយយីប អឺដូហ្គាន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី។
យោងតាមក្រសួងមហាផ្ទៃបានឱ្យដឹងថា ជនវាយប្រហារទាំងពីរនាក់បានមកដល់កន្លែងកើតហេតុតាមរថយន្តពាណិជ្ជកម្មធុនស្រាលមួយ ដែលពួកគេប្លន់បានពីពេទ្យសត្វនៅខេត្តកាយសឺរី (Kayseri) ភាគកណ្តាល។ កាសែតប្រចាំថ្ងៃ Sabah ដែលគាំទ្ររដ្ឋាភិបាល បានរាយការណ៍ថា ពួកគេបានបាញ់បុរសម្ចាស់ឡានចំក្បាល ហើយបោះសាកសពរបស់គាត់ចូលទៅក្នុងប្រឡាយក្បែរផ្លូវ។ បន្ទាប់មក ពួកគេបានបើករថយន្តទៅកាន់ទីក្រុងអង់ការ៉ា ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពីទីនោះ។
លោក អាលី យើលីកាយ៉ា (Ali Yerlikaya) រដ្ឋមន្ត្រីមហាផ្ទៃបានប្រាប់អ្នកយកព័ត៌មានថា «មន្រ្តីប៉ូលិសដ៏វីរភាពរបស់យើង តាមរយៈវិចារណញាណរបស់ពួកគេ បានទប់ទល់នឹងពួកភេរវករភ្លាមៗ នៅពេលដែលពួកគេចេញពីរថយន្ត។ម្នាក់ក្នុងចំណោមពួកគេបានបំផ្ទុះខ្លួនឯង ,ចំណែកម្នាក់ទៀតត្រូវបាញ់ចំក្បាល មុនពេលដែលរូបគេមានឱកាសបំផ្ទុះខ្លួនឯង។
លោកបន្តថា «ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មរបស់យើង អ្នកសហការរបស់ពួកគេ ពួកជួញដូរ (គ្រឿងញៀន) ក្រុមអន្ធពាល និងអង្គការឧក្រិដ្ឋកម្មចាត់តាំង នឹងបន្តជាមួយការតាំងចិត្តខ្ពស់»៕(ប្រែសម្រួលដោយ លោកសំណាង)