រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និង រាប់បាត្រ ដោយសមាគមរាជសីហ៍សាខាប្រទេសជប៉ុន

ជប៉ុន ៖ សមាគមរាជសីហ៍សាខាប្រទេសជប៉ុន នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីអបអរសាទរ ពិធីបុណ្យភ្ជំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងបាននិមន្តព្រះសង្ឃមួយព្រះអង្គ ដើម្បីឱ្យបងប្អូនខ្មែរបានធ្វើបុណ្យដាក់បាត្រ និងប្រគេនចង្ហាន់ព្រះសង្ឃតាមបែបព្រះពុទ្ធសាសនា នៅក្រោមក្រសែភ្នែកពលរដ្ឋខ្មែរដែលចូលរួមផ្ទាល់ប្រមាណជាង១៥០០នាក់។

ដោយទទួលបានការណែនាំពីឯកឧត្តមស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោកអុឹម ឌឺប៉េរ៉េ ប្រធានសមាគមរាជសីហ៍សាខាប្រទេសជប៉ុន បានចាត់តាំងលោក ហែម សុីថៃ ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាប្រទេសជប៉ុន និងលោក យន សុភ័ក (កូនចិន)អនុប្រធានសមាគមរាជសីហ៍សាខាប្រទេសជប៉ុន អមដំណើរដោយលោក ខុត ជីវ័ន ប្រធានអនុសាខាសមាគមរាជសីហ៍ប្រចាំក្រុងណាហ្គោយ៉ា លោកហុង ម៉េងឃាង ប្រធានគណ:កម្មាធិការទទួលផ្នែកសិល្បៈប្រចាំទីក្រុងណាហ្គោយ៉ា ចូលរួមបើកកម្មវិធីអបអរសាទរ ពិធីបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ  ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការងារនៅក្នុងតំបន់ទីក្រុងណាហ្គោយ៉ាខេត្តហ្គិហ្វឹ ខេត្តអៃឈិ ប្រទេសជប៉ុនប្រកបដោយស្នាមញញឹមដ៏រីករាយក្រៃលែង។

បន្ទាប់ពីបំពេញការងារ និងឃ្លាតចាកឆ្ងាយពីមាតុភូមិកំណើត ដើម្បីស្វែងរកចំណេះនិងប្រកបកិច្ចការងារដើម្បីលើកស្ទួយជីវភាពគ្រួសារ  បងប្អូនខ្មែរដែលរស់នៅប្រទេសជប៉ុន ពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសមាគមរាជសីហ៍សាខាប្រទេសជប៉ុន ដែលតែងតែគិតគូរពីសុខទុក្ខ និងការនឹករលឹកស្រុកកំណើតរបស់បងប្អូន ហើយតែងតែបង្កើតកម្មវិធីផ្សេងៗ ដើម្បីឱ្យមានការជួបជុំរំលឹកនូវទំនៀមទម្លាប់ ប្រពៃណីរបស់ជនជាតិខ្មែរយើង ។

ឆ្លៀតក្នុងឱកាសបើក និងបិទកម្មវិធីអបអរសារទរបុណ្យភ្ជុំបិណ្ឌ លោកហែម សុីថៃ ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាប្រទេសជប៉ុន និងលោកយន សុភ័ក ក៏បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខ និងចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌដល់បងប្អូនទាំងអស់ ពីសំណាក់ ឯកឧត្តមស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ក្រោមពាក្យស្លោក«មានសន្តិភាព មានការអភិវឌ្ឍន៍»ទើបបងប្អូនមានឱកាសបានចូលរួមយ៉ាងសប្បាយរីករាយ។

បើសរុបការចំណាយ ដើម្បីរៀបចំអបអរសាទរកម្មវិធីបុណ្យភ្ជុំបិណ្ឌទាំងអស់ជាទឹកប្រាក់ចំនួន ៥០មុឺនយ៉េនប្រមាណ៣០០០ដុល្លារ ដែលជាថវិកាបានមកពីថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាប្រទេសជប៉ុនប្រមូលគ្នា និងមានការចូលរួមពីសប្បុរសជននៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមរៀបចំកម្មវិធីដ៏សប្បាយរីករាយនេះ៕(សហការីពីប្រទេសជប៉ុន)

Leave a Reply

Your email address will not be published. Required fields are marked *