ថ្នាក់ដឹកនាំសមាគមរាជសីហ៍ ចូលរួមពិធីកាន់បិណ្ឌទី១ នៅវត្តជ្រុងថ្មក្រពើហា ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល

ខេត្តកណ្តាល : នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ អមដំណើរដោយថ្នាក់ដឹកនាំសមាគម ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមរាជសីហ៍សាខាខេត្តកណ្តាល រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១ នៅវត្តជ្រុងថ្មក្រពើហា ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។

ក្នុងពិធីកាន់បិណ្ឌនាឱកាសនេះ ឯកឧត្ដមប្រធានសមាគម ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា បាននាំយកនូវចង្ហាន់ ទេយ្យទាន បច្ច័យ៤ប្រគេនដល់ព្រះសង្ឃ និងបច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាម តម្កល់ទុកក្នុងព្រះពុទ្ធសាសនា ព្រមទាំងឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជន និងញាតិការដែលបានចែកឋានទៅកាន់បរលោកផងដែរ។

ព្រះព្រហ្មរក្ខិត សឿន ញាណ បានមានថេរដីកា ចម្រើនពរចំពោះឯកឧត្ដមប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ និងញាតិញោមទាំងអស់ ដែលមានសទ្ធាជ្រះថ្លាជាមួយព្រះសង្ឃ លះបង់នូវធនធាន និងពេលវេលា ចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា។ ដោយអំណាចផល្លាអានិសង្សដែលបានកើតឡើងនាវេលាឱកាសនេះ សូមថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ទាំងអស់បានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *