ម្ចាស់ផ្ទះអុជទៀនធូប សែននំផ្លែឈើនៅថ្ងៃសីល នាំគ្នាដេកលក់អស់ បង្កជាអគ្គិភ័យ ឆេះផ្ទះបាត់បង់ជីវិតម្នាក់

ភ្នំពេញ ៖ ផ្ទះល្វែងក្រោមថ្មលើឈើមួយគ្រួសារត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារដុតភ្លើងទៀនធូបសែននំផ្លែឈើក្នុងថ្ងៃសីល បង្កជាអគ្គិភ័យនៅវេលាម៉ោង១២និង៤០នាទី​យប់ អធ្រាត្រឈាន​ចូល​ថ្ងៃ​សៅរ៍ ទី​៣០កញ្ញា ​ឆ្នាំ​២០២៣​ នៅ​ចំណុច​ផ្លូវ​បេតុង​ ជិតបុរីឈូកវ៉ា២ ក្នុងភូមិ​តិក្ខប្បបញ្ញោ​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បណ្តាលឱ្យម្ចាស់ផ្ទះបាត់បង់ជីវិត ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ​ឡាច​ សាម៉ុន​ ភេទ​ប្រុស​ អាយុ​៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរអីវ៉ាន់ចាប់ហួយ និងជាអតីតមន្រ្តីយោធាចូលនិវត្តន៍។​ ចំណែកម្ចាស់​ផ្ទះ​ឈ្មោះ​ ម៉ុន​ លក្ខិណា​ ភេទ​ស្រី ​អាយុ​២០ឆ្នាំត្រូវជាកូនបង្កើតជនរងគ្រោះខាងលើ​។ ប្រភេទ​សំណង់ផ្ទះ​ដែលឆេះសង់អំពីថ្មក្រោម​ឈេីលេី​ ទំហំ ៦ម៉ែត្រ គុណនឹង១២ម៉ែត្រ។ មូលហេតុដោយសារអុជភ្លើងទៀនធូប ក្នុងថ្ងៃសីលមិនបានរលត់ក៏នាំគ្នាដេកលក់អស់បង្កជាអគ្គីភ័យឆាបឆេះឡើងតែម្តង ។

​គ្រោះអគ្គិភ័យ​ខាង​លើ​នេះ​ប្រេីប្រាស់​រថយន្ត​ពន្លត់ ​អគ្គីភ័យ​អស់​ចំនួន​៩​គ្រឿង​ ក្នុងនោះរថយន្ត​នគរបាលរាជធានីភ្នំពេញ៨គ្រឿង​និង រថយន្ត​ អង្គភាព៧១១ កងពលតូចលេខ៧០​ ចំនួន៤គ្រឿង​ជួយអន្តរាគមន៍​ ហើយរលត់​នៅ​វេលា​ម៉ោង​១និង៤០នាទីយប់នៅថ្ងៃខែឆ្នាំដដែល៕(ដោយ ៖ ធ្នូជ័យ)

​ 

Leave a Reply

Your email address will not be published. Required fields are marked *