យុវជនជាអ្នកដឹកជញ្ជូនអនឡាញម្នាក់លោតចូលទឹកទន្លេ បន្សល់ទុកស្បែកជើង១គូ និង ម៉ូតូ នៅលើស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ យុវជនម្នាក់ ជាអ្នកដឹកជញ្ជូនអនឡាញ បានសម្រេចចិត្តលោតពីលើស្ពានជ្រោយចង្វារចូលទឹកទន្លេសាបទាំងព្រឹកព្រលឹម លិចបាត់ឈឹង ដោយបន្សល់ទុកស្បែកជើង១គូ និងម៉ូតូ នៅលើស្ពានកើតឡើងនាវេលាម៉ោង៧ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ 

តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា យោងតាមកាតដែលសមត្ថកិច្ចរកឃើញ មានឈ្មោះ សុខ វិសាល ភេទប្រុស ជាបុគ្គលិកដឹកជញ្ជូន , គ្មាននរណាម្នាក់ បានដឹងថា យុវជនម្នាក់នេះធ្វើបែបនេះដោយមូលហេតុអ្វីឡើយ ។ ខណៈយុវជនខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ទឹកប៊ិច លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GS-1987 ជិះមកដល់ក៏ឈប់នៅលើស្ពានជ្រោយចង្វារ រួចដោះស្បែកជើង ទុកចោល រួចក៏លោតទម្លាក់ខ្លួនចូលទឹកដែលកំពុងហូរតែម្តង ។ 

សមត្ថកិច្ចបានបញ្ជាក់ទៀតថា យុវជនខាងលើ ក្រោយពីលោតហើយនោះ បានផុសឡើង២ដង រួចក៏លិចបាត់ឈឹងតែម្តង ទោះជួយក៏ជួយមិនទាន់ ហើយបានបន្សល់ទុកតែម៉ូតូ ទូរសព្ទអិចចុចពិលមួយគ្រឿង និងស្បែកជើងមួយគូប៉ុណ្ណោះ តែគ្មានលិខិតបណ្តាំអ្វីដូចករណីលើកមុនៗដែរ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *