បរទេស ៖ ក្រុមហ៊ុន Airbus កាលពីថ្ងៃព្រហស្បតិ៍បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងយន្តហោះទីពីររបស់ខ្លួន នៅក្នុងប្រទេសចិន ខណៈក្រុមហ៊ុនផលិតយន្តហោះរបស់អឺរ៉ុបនេះ កំពុងស្វះស្វែងពង្រីកទីផ្សារនៅក្នុងប្រទេសចិន។
ពិធីការបើកការដ្ឋានសាងសង់នៅទីក្រុងធៀនជីន (Tianjin) ភាគខាងជើងប្រទេសចិន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត បន្ទាប់ពីក្រុមហ៊ុន Airbus បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងនេះជាមួយក្រុមហ៊ុន Tianjin Free Trade Zone Investment Company Ltd. និងក្រុមហ៊ុន Aviation Industry Corporation of China, Ltd. ក្នុងខែមេសា ឆ្នាំ២០២៣។
ក្រុមហ៊ុន Airbus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គម្រោងពង្រីកនេះគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២៥។ វានឹងអាចផលិតបានទាំងយន្តហោះ A320 និង A321neo ដែលជាយន្តហោះមានផ្លូវដើរតែមួយជួរស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុន Airbus ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។
ចំណែករោងចក្រដំឡើងទីពីរ (FAL) នៅតំបន់ធៀនជីនរបស់ Airbus គឺជាផ្នែកមួយនៃផែនការពង្រីកផលិតកម្មទាំងមូលរបស់ Airbus សម្រាប់គ្រួសារ A320។ វាមានគោលបំណងផលិតយន្តហោះចំនួន ៧៥ គ្រឿងក្នុងមួយខែនៅក្នុងឆ្នាំ ២០២៦ ដែលសម្របសម្រួលដោយប្រតិបត្តិការនៃរោងចក្រ FAL សកលចំនួន ១០ ដែលរួមមានពីរនៅធៀនជីន ពីរនៅទូលូស (Toulouse) ប្រទេសបារាំង ពីរនៅម៉ូបាល (Mobile) សហរដ្ឋអាមេរិក និង បួននៅហាំបឺក(Hamburg) ប្រទេសអាល្លឺម៉ង់។ គម្រោងពង្រីកនេះបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Airbus ចំពោះឧស្សាហកម្មអាកាសចរណ៍ចិន។
លោក ហ្គីលលូមេ ហ្វូរី (Guillaume Faury) នាយកប្រតិបត្តិក្រុមហ៊ុន Airbus បាននិយាយតាមរយៈវីដេអូថា «នេះគឺជាការបោះឆ្នោតផ្តល់ទំនុកចិត្តដ៏ខ្លាំងក្លាចំពោះអនាគតនៃវិស័យអាកាសចរណ៍នៅទីនេះក្នុងប្រទេសចិន» ។ដោយបន្ថែមថា «វាក៏គូសបញ្ជាក់ផងដែរនូវទំនាក់ទំនងដ៏យូរអង្វែង គួរឱ្យជឿជាក់ និង ជោគជ័យរបស់ក្រុមហ៊ុន Airbus ជាមួយដៃគូនានានៅក្នុងប្រទេសចិន»។
លោកហ្វូរីបានបន្ថែមថា ចរាចរណ៍ក្នុងស្រុកនិងអន្តរជាតិនៅក្នុងប្រទេសចិន ជាកន្លែងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ពិភពលោក គ្រោងនឹងមានកំណើនយ៉ាងឆាប់រហ័សនិងរយៈពេលវែង៕(ប្រែសម្រួលដោយ លោកសំណាង)