ភ្នំពេញ ៖ បុរសចិនម្នាក់ចំណោម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាថ្ងៃទី២៧កញ្ញា បន្ទាប់ពីបានប្រើអគពើហិង្សាដោយចេតនា វាយបុរសខ្មែរម្នាក់ដូចបាវសាក់ នៅមុខហាងស៊ុបចិនឆុងឈីង ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៦កញ្ញាឆ្នាំ២០២៣វេលាម៉ោង១១និង៣០នាទីយប់។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ វ៉ាង បូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ Long Teng ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ កាន់លិខិតឆ្លងដែនលេខ EH១៧៣២…។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងសង្សារដែលបុគ្គលិកហាងខាងលើ មានទំនាស់ពាក្យសម្តីគ្នាតិចតួចនៅមុខហាង ,ពេលនោះក៏មានជនសង្ស័យ០២ នាក់ ឈ្មោះ Long Teng និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ជាភ្ញៀវមកហូបស៊ុបក្នុងហាងខាងលើ ពេលឃើញចូលទៅឃាត់មិនស្តាប់ ក៏នាំគ្នាវាយជនរងគ្រោះ១ដៃបណ្តាលឱ្យពកថ្ងាស់១កន្លែង និងយកជើងធាក់ចំទ្រូងចុកដួលលើផ្លូវ ពេលនោះក៏មានអ្នកនៅក្បែរនោះជួយឃាត់ រួចពួកជនសង្ស័យនាំគ្នាដើរគេចចេញ។
សមត្ថកិច្ចបន្តថា លុះដល់ថ្ងៃទី ២៧កញ្ញាឆ្នាំ២០២៣ ម៉ោង៨និង៣០នាទីយប់ សមត្ថកិច្ចក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ Long Teng បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សាកសួរនិងចាត់ការតាមនីតិវិធី ៕(ដោយ ធ្នូជ័យ)