វេជ្ជបណ្ឌិតអាមេរិក វះកាត់ប្តូរបេះដូងជ្រូក លើកទី២ ដល់មនុស្ស

បរទេស ៖ ក្រុមគ្រូពេទ្យវះកាត់របស់អាមេរិក បានប្តូរបេះដូងជ្រូកដល់បុរសជិតស្លាប់ម្នាក់ ក្នុងគោលបំណងពន្យារអាយុជីវិតរបស់គាត់ ដោយក្លាយជាអ្នកជំងឺទីពីរប៉ុណ្ណោះដែលធ្លាប់ឆ្លងកាត់ការពិសោធន៍បែបនេះ។ នេះបើតាមវេជ្ជបណ្ឌិតនៅរដ្ឋម៉ារីលែន បាននិយាយកាលពីថ្ងៃសុក្រទី២២កញ្ញាថា «ពីរថ្ងៃក្រោយមក បុរសនោះអាចនិយាយលេងសើចបាន ហើយអាចអង្គុយលើកៅអីបាន»។

យោងតាមវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រម៉ារីលែនបានឱ្យដឹងថា អតីតកងទ័ពជើងទឹកវ័យ៥៨ ឆ្នាំរូបនេះកំពុងប្រឈមមុខនឹងការស្លាប់ដោយសារជំងឺខ្សោយបេះដូង , ប៉ុន្តែបញ្ហាសុខភាពផ្សេងទៀតមានន័យថា «គាត់មិនមានសិទ្ធិទទួលបានការវះកាត់ប្តូរបេះដូងមនុស្សនោះទេ»។

លោក ឡរិន ហ្វូសេត (Lawrence Faucette) មកពីទីក្រុងហ្វ្រេដេរិក (Frederick) រដ្ឋម៉ារីលែន បាននិយាយនៅក្នុងវីដេអូដែលថតដោយមន្ទីរពេទ្យមុនការវះកាត់កាលពីថ្ងៃពុធថា «គ្មាននរណាម្នាក់ដឹងពីចំណុចនេះទៅមុខនោះទេ។ យ៉ាងហោចណាស់ឥឡូវនេះខ្ញុំមានសង្ឃឹម ហើយខ្ញុំមានឱកាស។ ខ្ញុំនឹងខិតខំតស៊ូគ្រប់ដង្ហើមដែលខ្ញុំអាចស្រូបយកបាន» ខណៈដែលប៉ុន្មានសប្តាហ៍ខាងមុខនឹងមានសារៈសំខាន់ខ្លាំង ក្រុមគ្រូពេទ្យមានក្តីរំភើបចំពោះការឆ្លើយតបដំបូងរបស់លោកហ្វូសេតចំពោះសរីរាង្គជ្រូក។

វេជ្ជបណ្ឌិត បាតលី ហ្គ្រីហ្វហ្វ៊ីត (Bartley Griffith) ដែលធ្វើការវះកាត់ប្តូរសរីរាង្គជ្រូក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា «អ្នកដឹងទេ ខ្ញុំចេះតែងក់ក្បាលឆ្ងល់ថា តើខ្ញុំនិយាយយ៉ាងម៉េចជាមួយអ្នកដែលមានបេះដូង? វេជ្ជបណ្ឌិតទាំងអស់​មាន​អារម្មណ៍​ ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា​វាមាន​សម្ពាធ​ខ្លាំងណាស់»។

ចំណែកក្រុមគ្រូពេទ្យរដ្ឋម៉ារីលែនដដែលនេះ កាលពីឆ្នាំមុនបានធ្វើការវះកាត់ប្តូរបេះដូងជ្រូកដំបូងបង្អស់របស់ពិភពលោក ទៅឱ្យបុរសជិតស្លាប់ម្នាក់ គឺលោក ដេវីត បិនណេត (David Bennett) ដែលនៅរស់បានត្រឹមតែពីរខែប៉ុណ្ណោះ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *