បរទេស ៖ បុរសជនជាតិអាមេរិក៥នាក់ ដែលត្រូវបានឃុំខ្លួនអស់ជាច្រើនឆ្នាំក្នុងប្រទេសអ៊ីរ៉ង់ បានដើរចេញពីយន្តហោះនិងទទួលបានសេរីភាពកាលពីថ្ងៃចន្ទម្សិលមិញ ជាផ្នែកនៃកិច្ចព្រមព្រៀងដែលមានហានិភ័យផ្នែកនយោបាយខ្ពស់ដែលឃើញលោកប្រធានាធិបតី ចូ បៃដិន យល់ព្រមចំពោះការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលបង្កកជិត ៦ពាន់លានដុល្លារ ដែលជំពាក់ដោយប្រទេសទីបី គឺ ប្រទេសកូរ៉េខាងត្បូង។
ការចរចាប្រកបដោយជោគជ័យ សម្រាប់សេរីភាពរបស់ជនជាតិអាមេរិក បានធ្វើឱ្យលោកចូ បៃដិន ទទួលបានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីក្រុមគ្រួសាររបស់ពួកគេ ។ ប៉ុន្តែត្រូវបានដុតកម្តៅពីគូប្រជែងប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនិងគូប្រជែងផ្សេងទៀតសម្រាប់ការរៀបចំចាត់ចែងរូបិយវត្ថុជាមួយសត្រូវកំពូលរបស់អាមេរិក។
លោកចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយខណៈយន្តហោះដឹកជនជាតិអាមេរិកពីទីក្រុងតេហេរ៉ង់ចុះចតក្នុងទីក្រុងដូហា ប្រទេសកាតាយ៉ាងដូច្នេះថា «ថ្ងៃនេះ ជនជាតិអាមេរិកស្លូតត្រង់៥នាក់ដែលត្រូវបានចាប់ដាក់គុកនៅក្នុងប្រទេសអ៊ីរ៉ង់ ទីបំផុតបានត្រឡប់មកផ្ទះវិញហើយ ។ យន្តហោះដែលដឹកជនជាតិអាមេរិកទៅផ្ទះវិញ ត្រូវចុះចតនៅយប់ថ្ងៃចន្ទ»។
លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ដែលកំពុងត្រៀមសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បានលើកថាការដោះដូរកាលពីថ្ងៃចន្ទអាចជា «វាជាជំហានមួយក្នុងទិសដៅនៃសកម្មភាពមនុស្សធម៌រវាងយើងនិងអាមេរិក ។ វាពិតជាអាចជួយក្នុងការកសាងទំនុកចិត្ត»។
យ៉ាងណាក៏ដោយ ភាពតានតឹងនៅតែមានកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដែលជាប់គាំងនៅក្នុងជម្លោះជុំវិញកម្មវិធីនុយក្លេអ៊ែរ របស់រដ្ឋាភិបាលក្រុងតេហេរ៉ង់និងបញ្ហាផ្សេងៗទៀត។ អ៊ីរ៉ង់និយាយថា «កម្មវិធីនេះមានសន្តិភាពប៉ុន្តែឥឡូវនេះពួកគេបានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម កាន់តែជិតដល់កម្រិតសព្វាវុធ»៕(ប្រែសម្រួលដោយ លោកសំណាង)