ទឹកជំនន់នៅលីប៊ី មានចំនួនអ្នកបាត់បង់ជីវិត កើនឡើងដល់ជាង១១.០០០នាក់

បរទេស ៖ អឌ្ឍចន្ទក្រហមប្រទេសលីប៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា «មានចំនួមអ្នកបាត់បង់ជីវិត ក្នុងទីក្រុងឆ្នេរសមុទ្រ ដឺណា (Derna) របស់ប្រទេសលីប៊ីបានកើនឡើងដល់ ១១.០០០ នាក់ ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរកនៅតែបន្ត បន្ទាប់ ពីគ្រោះមានទឹកជំនន់ដ៏ធំដែលបង្កឡើងពីការបាក់ទំនប់ទឹកពីរក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង»។

លោកស្រី ម៉ារី អែល ដ្រេសសេ (Marie el-Drese) អគ្គលេខាធិការនៃអង្គការផ្តល់ជំនួយខាងលើនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press តាមទូរស័ព្ទថា «មានមនុស្ស ១០.១០០ នាក់ទៀតត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន នៅក្នុងទីក្រុងជាប់សមុទ្រមេឌីទែរ៉ាណេនេះ។ អាជ្ញាធរសុខាភិបាលមុននេះបានដាក់ចំនួនអ្នកស្លាប់នៅទីក្រុងដឺណាត្រឹម ៥.៥០០ នាក់។ ព្យុះ​ភ្លៀងនេះក៏​បាន​ធ្វើឱ្យមនុស្ស​ប្រហែល ១៧០ នាក់​បាត់បង់ជីវិតនៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេសដែរ»។

គ្រោះទឹកជំនន់នេះ បានលេបត្របាក់គ្រួសារទាំងមូលៗនៅក្នុងទីក្រុងដឺណាកាលពីយប់ថ្ងៃអាទិត្យ ហើយបានលាតត្រដាងឱ្យឃើញពីភាពងាយរងគ្រោះនៅក្នុងប្រទេសសម្បូរប្រេងនេះ ដែលបានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីការបះបោរឆ្នាំ ២០១១ ដែលបានផ្តួលរំលំមេដឹកនាំផ្តាច់ការយូរអង្វែង លោក ម៉ូអាម៉ា ហ្គាដាហ្វ៊ី (Moammar Gadhafi)៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *