ឃាត់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធបទល្មើសច្រើនមុខ

កណ្តាល ៖ ជនសង្ស័យ៣នាក់ ត្រូវបាននគរបាលស្រុកកៀនស្វាយបង្ហាញមុខនាថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៣ បន្ទាប់ពីបានឃាត់ខ្លួនក្នុងករណីលួចម៉ូតូកង់បី,កាន់កាប់និងរក្សាទុកនូវអាវុធខុសច្បាប់ រួមមានកាំភ្លើងស្នប់កែច្នៃ, ចំពុះទង់, កណ្ដៀវ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចផ្លូវក្រវាត់ក្រុងទី៣ ឋិតក្នុងភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩និង៤០នាទីយប់។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះតាន់ ស៊ីថា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះចាន់ សុខម៉េង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ, ២-ឈ្មោះឈុន អេងសុង ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ស្តៅកន្លែង៤ ឃុំដីឥដ្ឋ ,៣-ឈ្មោះអៀន ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ(ឃាត់ខ្លួន) និង៤-ឈ្មោះចាន់ សុជា ហៅឆាត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ(គេចខ្លួន) ។

វត្ថុតាងចាប់យករួមមាន កាំភ្លើងស្នប់កែឆ្នៃ ០១ដើម, គ្រាប់ពីដាងកង់ ១៨គ្រាប់,កណ្តៀវច្រូតស្រូវផ្លែដែក ដងឈើ០១ដើម,សម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន,ម៉ូតូកង់បី ០១គ្រឿង ម៉ាកស៊ុយសូគីវីវ៉ាសូគុន ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-7040 និងកន្ទុយកង់បី ពណ៌ស គ្មានផ្លាកលេខ,ជំពុះទង់កាំភ្លើងAK ប្រវែង៤៣សង់ទីម៉ែត្រ ០១ដើមនិង ទូរសព្ទដៃ០១គ្រឿងម៉ាកOPPO A5s ។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទី ជនរងគ្រោះបានទុកម៉ូតូកង់បីនៅក្រោមផ្ទះរបស់ខ្លួនហើយក៏បានដើរទៅផឹកនៅផ្ទះរបស់ឈ្មោះ ខា ភេទប្រុស អាយុ៦០ឆ្នាំ មានចម្ងាយពីផ្ទះរបស់ខ្លួន១០០ម៉ែត្រ ពេលជនរងគ្រោះផឹកចប់ក៏បានដើរត្រឡប់មកផ្ទះវិញក៏ឃើញបាត់ម៉ូតូកង់បី ។ភ្លាមនោះជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ។

ពេលទទួលបានបណ្ដឹងភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ដីឥដ្ឋ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ, កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយ និងកម្លាំងប្រជាការពារ បានចេញល្បាតនិងពួនស្ទាក់ រហូតមកដល់ផ្លូវក្រវាត់ក្រុងទី៣ ក៏ឃាត់ជនសង្ស័យបាន៣នាក់ជាបន្តបន្ទាប់ និងនៅសល់ម្នាក់ទៀតកំពុងតាមចាប់ខ្លួន។

ជនសង្ស័យទាំងបីនាក់បានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *