អាមេរិកនិយាយថា «កូរ៉េខាងជើងនឹងត្រូវបង់តម្លៃ បើប្រទេសនេះផ្តល់អាវុធឱ្យរុស្ស៊ី»

បរទេស ៖ សេតវិមាន បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា «កូរ៉េខាងជើងនឹង បង់តម្លៃ ប្រសិនបើខ្លួនផ្គត់ផ្គង់ដល់រុស្ស៊ីនូវសព្វាវុធ សម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ស្របពេលលោក គីម ជុងអ៊ុន និងលោក វ៉្លាឌីមៀ ពូទីន រំពឹងជួបពិភាក្សាគ្នាលើបញ្ហានេះ»។

ប្រទេសរុស្ស៊ី ដែលរងទណ្ឌកម្ម ត្រូវបានគេរាយការណ៍ថា ចង់ទទួលបានការផ្គត់ផ្គង់យោធាបន្ថែមទៀតពីសម្ពន្ធមិត្តរបស់ខ្លួន ដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួន ខណៈរដ្ឋាភិបាលក្រុងគៀវ ជំរុញការវាយបកដែលមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ។

បើតាមទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន គឺលោក ជែក ស៊ូលលីវ៉ាន់ (Jake Sullivan) បាននិយាយថា «រដ្ឋាភិបាលក្រុងព្យុងយ៉ាងនិងមូស្គូកំពុងសម្លឹងមើល ការពិភាក្សាកម្រិតមេដឹកនាំ ប្រហែលជាដោយផ្ទាល់លើតម្រូវការអាវុធរបស់រុស្ស៊ី»។

លោកស៊ូលលីវ៉ាន់បន្តថា រុស្សីអាចប្រើប្រាស់អាវុធពីកូរ៉េខាងជើងដើម្បីវាយប្រហារការផ្គត់ផ្គង់ស្បៀងអាហារនិងហេដ្ឋារចនាសម្ពន្ធកម្តៅមុននឹងឈានចូលរដូវរងា ដើម្បី ព្យាយាមដណ្តើមយកទឹកដីដែលជាកម្មសិទ្ធិ របស់ប្រទេសអធិបតេយ្យមួយផ្សេងទៀត ដែលនេះ​នឹង​មិន​ឆ្លុះ​បញ្ចាំងល្អអំពី​កូរ៉េ​ខាង​ជើង​ទេ ហើយ​ពួកគេ​នឹង​បង់តម្លៃ​សម្រាប់​បញ្ហា​នេះ​ក្នុង​សហគមន៍​អន្តរជាតិ»។

ចំណែកលោក សឺហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងខែកក្កដា ដើម្បីស្វែងរកទិញអាវុធបន្ថែមសម្រាប់សង្គ្រាម។

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនមិនអាចបញ្ជាក់ពីជំនួបកំពូលរវាងលោកពូទីននិងលោកគីមបានទេ។តែអ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាន​និយាយ​ថា «យើង​គ្មាន​អ្វី​ត្រូវ​និយាយ​អំពី​រឿង​នេះ​ទេ ។ រុស្ស៊ីកំពុងពិចារណាធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងជើង។ លោក​ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន TASS ថា​ «ហេតុអ្វី​ធ្វើ​ដូច្នេះមិនបាន​? ពួកគេ​ជា​អ្នកជិតខាង​របស់​យើង»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *