ឆ្លងចរន្តអគ្គិសនីឆេះផ្ទះនិងឃ្លាំងផ្ទុកទំនិញ ៣ខ្នង នៅខេត្តកែប

កែប ៖ មានករណីគ្រោះអគ្គិភ័យឆេះផ្ទះ និងឃ្លាំងផ្ទុកទំនិញ ចំនួន៣ខ្នង របស់ប្រជាពលរដ្ឋ នៅភូមិរនេស ឃុំពងទឹកស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីនៅថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៣ទៀបភ្លឺ ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះទី១-ឈ្មោះ អ៊ុយ សាយ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរមេផ្ទះ ប្រភេទសំណង់ថ្មក្រោមឈើលើ ប្រក់សង្ក័សី មានទំហំ៥គុណនឹង២៥ម៉ែត្រ ខូចខាតទាំងស្រុង។

ម្ចាស់ផ្ទះទី២-ឈ្មោះ អ៊ុយ សាង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងម៉ូតូ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សីមានទំហំ ៥គុណនឹង២៥ម៉ែត្រ ខូចខាតទាំងស្រុង។

ចំណែកម្ចាស់ឃ្លាំងផ្ទុកទំនិញ ឈ្មោះ លឹម លី ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរអាជីវករ ប្រភេទសំណង់ថ្មក្រោម ដែកលើ ប្រក់សង្ក័សី មានទំហំ ១៥គុណនឹង៤០ម៉ែត្រ ខូចខាតទាំងស្រុង និងបណ្តាលឱ្យខូចខាតទាំងស្រុង ,រថយន្តហ៊ីយ៉ាន់ដាយ (១,៥តោននិង២,៥តោន) ចំនួន០២គ្រឿង រួមទាំងសម្ភារមួយចំនួនធំទៀតផងដែរ។

ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងនគរបាលខេត្ត ក្រុងស្រុក ដោយមានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត កម្លាំងពាក់ព័ន្ធនិងអាជ្ញាធរ បានចេញអន្តរាគមន៍ជួយបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៧គ្រឿង រួមមានរថយន្តស្នងការដ្ឋាននគរបាលខេត្តកែបចំនួន០៤គ្រឿង និងរថយន្តស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៣គ្រឿងប្រេីប្រាស់ទឹកអស់២៣រថយន្ត ទើបរលត់ទាំងស្រុង តែមិនបណ្តាលឱកយមានមនុស្សរងគ្រោះថ្នាក់នោះទេ ឆេះដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕(ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *