បុរសម្នាក់ត្រូវរថយន្តសណ្ដោងរ៉ឺម៉កបើកកិន នៅផ្លូវលេខ៣៧១

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តសណ្ដោងរ៉ឺម៉កបើកកិន ខណៈពេលជិះម៉ូតូព្យាយាមវ៉ារថយន្ត ហើយបានប៉ះជាមួយម៉ូតូកង់បីដឹកទំនិញ រួចដួលចូលក្រោមកង់ក្រោយកិនតែម្តង បណ្តាលឱ្យបាត់បង់ជីវិតកើតឡើងនៅវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ នៅផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសជាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CI- 9796 បើកតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ហើយបានវ៉ារថយន្តបែនដឹកដី ម៉ាកFUSO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A- 1877បើកស្របគ្នាមិនប្រយ័ត្នក៏ទៅប៉ះជាមួយកង់ បីខ្លុបដឹកទំនិញ ពណ៌សមួយគ្រឿងបណ្ដាលឲ្យដួលខ្ទាតចូលកង់ខាងក្រោយរថយន្តកិនបាត់បង់ជីវិតភ្លាមៗ។

បន្ទាប់មករថយន្តបែនដឹកដីដឹងថា បានកិនមនុស្សហើយក៏បានបើកទៅមុខប្រហែល ១០០ម៉ែត្រ ក៏ទុករថយន្តចោលបើកទ្វារចុះរត់បាត់ ។ ចំណែកឯម៉ូតូកង់បីខ្លុបដឹកទំនិញជិះចុះទៅផ្លូវខាងក្រោមគេចចេញពីកន្លែងកើតហេតុបាត់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់វាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *