មនុស្ស៤នាក់រងរបួស ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពាមរ៍

ព្រៃវែង ៖ មនុស្ស ៤នាក់បានរងរបួស ក្នុងករណីគ្រោះថ្នាក់រវាងម៉ូតូ និងម៉ូតូ បណ្ដាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្នត្រូវបាននគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ ធ្វើវាស់វែង រួចចាត់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដែលគ្រោះថ្នាក់ខាងលើនេះ កើតឡើងនៅវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកណ្តៀង លើផ្លូវលេខ៣១៣ ស្ថិតក្នុងភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឱ្យដឹងថា ដំបូងមានម៉ូតូមួយគ្រឿង ម៉ាកCt100 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1F-4069 បើកបរដោយឈ្មោះ អ៊ុំ  រុំ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ រងរបួសជើងស្តាំ និង អ្នករួមដំណើរឈ្មោះ បូ ដា ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ត្រូវជាប្រពន្ធរងរបួសចង្កេះ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១៣ ទិសដៅពីលិចទៅកើត ។

លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវដល់គន្លងផ្លូវម្ខាងទៀត ក៏ត្រូវម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1Q-4626 បើកបរដោយឈ្មោះសាវុធ វ៉ាន់ណេង ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង របួសស្មា និង អ្នករួមដំណើរម្នាក់ឈ្មោះ ថន ខេមរ: ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិស្គដាច សង្កាត់តាកោក្រុងព្រៃវែង រងរបួសភ្លៅ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ក៏បុកបណ្ដាលឱ្យដួលបោកលើថ្នល់ និងម្ខាងទៀតធ្លាក់ផ្លូវ រងរបួសទាំងសងខាងតែម្ដង ។

បច្ចុប្បន្ន អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ រីឯវត្ថុតាងម៉ូតូ ត្រូវបាននគរបាល យករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកណ្ដៀង ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *