រថយន្ត Toyota Prius បើកបុកគ្នាជាមួយម៉ូតូ បណ្ដាលឱ្យមនុស្សធ្លាក់ពីលើស្ពានអាកាសចោមចៅ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូសង្ស័យបញ្ច្រាស់ទិសពីផ្លូវជាតិលេខ៣ ឡើងមកលើស្ពានអាកាសចោមចៅ ក៏បុកគ្នាជាមួយរថយន្ត Toyota Prius បណ្តាលឱ្យមនុស្សធ្លាក់ពីលើស្ពានមកក្រោម កើតឡើងកាលវេលាម៉ោង ១០និង៤៥នាទីយប់ ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចលើស្ពានអាកាសចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា មានជនឆ្លៀតឱកាសបានលួចយកទូរសព្ទនិងកាបូបលុយហើយក៏ទុកអត្តសញ្ញាណបណ្ណចោលនៅកន្លែងជនរងគ្រោះធ្លាក់រួមមាន អត្តសញ្ញាណបណ្ណមួយសន្លឹក និង កាតវ៉ាក់សាំងមួយសន្លឹកមានឈ្មោះ ឡូ សុខហ៊ងភេទប្រុស អាយុ៣៧ឆ្នាំ អាសយដ្ឋានផ្ទះលេខ៨១ ភូមិព្រែកអណ្តូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានថា ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៏សាត់1J-0868 បើកបរដោយបុរសម្នាក់សង្ស័យជិះឡើងលើស្ពានបញ្ច្រាស់ពីផ្លូវជាតិលេខ៣ មកផ្លូវសហព័ន្ធរុស្ស៊ី។ខណៈមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ2BT-1663 បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើត ទៅលិច ឡើងលើស្ពានទៅផ្លូវជាតិលេខ ៣ វិញ។

ពេលនោះក៏បានមកបុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះហោះផ្លោងបោកទៅលើកញ្ចក់រថយន្តហើយខ្ទាតធ្លាក់មកក្រោមស្ពានអាកាសចោមចៅ រងរបួសធ្ងន់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យក៏បានបាត់បង់ជីវិត ហើយក៏បានដឹកមកកន្លែងកើតហេតុវិញ។ ចំណែកឯម៉ូតូនិង រថយន្ត ខូចខ្ទេចផ្នែកខាងមុខដូចគ្នាយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំឆែកកាមេរ៉ាសុវត្ថិភាពដើម្បីកំណត់ខាងណាខុសខាងណាត្រូវនឹងដោះស្រាយគ្នាជាក្រោយ។

ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យរថយន្តដឹកសពមករក្សាទុក ហើយស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *