ឃាត់បុរសចិនម្នាក់ សង្ស័យពាក់ព័ន្ធករណី ចាប់ជំរិតនិងគ្រឿងញៀន

ព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មានជនសង្ស័យមួយក្រុម ជិះរថយន្ត ០៣គ្រឿងបានធ្វើសកម្មភាព ចាប់បុរសជនជាតិចិនម្នាក់ ចេញពីផ្ទះវីឡាមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣វេលាម៉ោង៩យប់។

សមត្ថកិច្ចនិយាយថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោងម៉ោង១០និង៣០នាទីយប់ថ្ងៃដដែល កម្លាំងជំនាញបានទទួលព័ត៌មានថា«ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យដោះលែង ដោយជនរងគ្រោះរងរបួសបន្តិចបន្តួច ហើយកំពុងព្យាបាលនៅមន្ទីពេទ្យ ថៃខាង»ទើបកម្លាំងសមត្ថកិច្ចបានទៅជួបជនរងគ្រោះ។

ជនរងគ្រោះបានរៀបរាប់ឱ្យសមត្ថកិច្ចដឹងថា «គាត់ត្រូវបានក្រុមជនសង្ស័យចាប់ដាក់ចូលក្នុងរថយន្ត ហើយដកហូតយកទូរសព្ទដៃរបស់គាត់ ០២គ្រឿង និងបានវេរលុយចេញពីគណនីធនាគារ ហួយហ័ង របស់គាត់ រួចនាំយកទៅផ្ទះវីឡាមួយកន្លែងដែលនៅម្តុំអូរ២ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានប្រហែលជា ១០នាទី ទើបនាំយកគាត់ទៅអគារមួយកន្លែងដែលនៅក្រោយសណ្ឋាគារ ណានហៃ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រួចបង្ខាំងគាត់ទុកក្នុងបន្ទប់មួយ ។

ជនរងគ្រោះបន្តថា បន្ទាប់មកក្រុមជនសង្ស័យបានវាយធ្វើបាបរូបគាត់ដោយប្រើដំបងឆក់ រហូតដល់វេលាម៉ោងប្រហែល១០យប់ ទើបក្រុមជនសង្ស័យដោះលែងគាត់ ដោយដឹករូបគាត់ដាក់ចោលនៅតាមផ្លូវនៅជិតកាស៊ីណូ តាស៊ីកាង ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

បន្ទាប់ពីស្តាប់ចម្លើយជនរងគ្រោះរួច កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅធ្វើការត្រួតពិនិត្យនៅផ្ទះវីឡាដែលនៅម្តុំអូរ២ តែនៅក្នុងផ្ទះមិនមានមនុស្សទេ ។

ក្រោយមកក៏មានបុរសជនជាតិចិនម្នាក់ បានបើករថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស្លាកលេខ2BW-1986 មកដល់ ដោយបុរសជនជាតិចិននោះក៏ស្នាក់នៅបន្ទប់មួយ ក្នុងបរិវេណផ្ទះវីឡានោះដែរ ។

បន្ទាប់ពីបានចូលត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានរកឃើញ ជញ្ជីងថ្លឹង ០២គ្រឿង និងថង់សម្រាប់វេចខ្ចប់ មួយចំនួន(សង្ស័យសម្រាប់ថ្លឹងនិងវេចខ្ចប់សារធាតុញៀន)នៅក្នុងបន្ទប់របស់បុរសជនជាតិចិនម្នាក់នោះ ទើបឃាត់ខ្លួនយកមកធ្វើការសាកសួរតែម្តង។ 

បច្ចុប្បន្នករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កំពុងបន្តនីតិវិធី ៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *