នាយករដ្ឋមន្ត្រីកម្ពុជា ៖ កម្ពុជាពិតជាចង់បាន ទំនាក់ទំនងល្អ ជាមួយសហរដ្ឋអាមេរិក

វិមានសន្តិភាព ៖ នាល្ងាចថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក អាឡិច ខានស៍  (Alex Carnes) ក្រឡាបញ្ជីនៃក្រុមមតិភាគច្រើន របស់អនុគណ:កម្មាធិការ ស្តីពីប្រតិបត្តិការរបស់រដ្ឋ  និងបរទេស  និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង  និងបែងចែកថវិកាជាតិ របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក។ 

ឯកឧត្តមកិតិ្តទេសាភិបាល បណ្ឌិតនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលកន្លងមកនេះបានដើរតួនាទី ចូលរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍកម្ពុជា តាមរយៈការជួយដល់ ដំណើរប្រជាធិបតេយ្យសេរីពហុបក្ស, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបោសសម្អាតមីន និងការផ្តល់នូវទីផ្សារដ៏ទូលំទូលាយ សម្រាប់ផលិតផលវាយនភ័ណ្ឌ និងកាត់ដេររបស់កម្ពុជា តាមរយៈប្រព័ន្ធ GSP, ការផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩, ការផ្តល់ជំនួយថវិកាសម្រាប់វិស័យសុខាភិបាល និងការស្តារសេដ្ឋកិច្ចឡើងវិញ។

 លោក អាឡិច  ខានស៍  បានសម្ដែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបើកទំព័រថ្មីមួយ ឈានទៅរកការធ្វើឱ្យប្រសើរឡើង នៃទំនាក់ទំនងកម្ពុជា-អាមេរិក។ លោកបានវាយតម្លៃខ្ពស់ទៅ លើកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ដែលមានចំណងការទូត ដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីជំនួយអភិវឌ្ឍសង្គម, ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា។ 

ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់ថា កម្ពុជាបើកទ្វារចំហ និងទទួលស្វាគមន៍ជានិច្ច នូវរាល់គំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការនានា ដែលធ្វើឱ្យកាន់តែប្រសើរឡើង នូវទំនាក់ទំនងកម្ពុជា-អាមេរិក។ កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក  ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដោយសំលឹងទៅមុខឱ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ ។ 

ជាមួយគ្នានេះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានបន្ថែមថា គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាត្រៀមខ្លួនជាស្រេច ក្នុងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងវេទិកាពហុភាគី ដើម្បីផលប្រយោជន៍រួម សម្រាប់ប្រជាជាតិទាំងពីរ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាបន្ថែមទៅលើកិច្ចការងារមួយចំនួនទៀត ពាក់ព័ន្ធទៅនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, បញ្ហាសិទ្ធិមនុស្ស, សន្តិសុខ, សុវត្ថិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ៕ ដោយ ៖ ហួត សម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *