យុវតីនិស្សិតឆ្នាំទី៣ម្នាក់ ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ បាត់បង់ជីវិត

ភ្នំពេញ ៖ យុវតីម្នាក់ជាបានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ កាលពីវេលាម៉ោង ៦និង ៤០នាទីព្រលប់ ថ្ងៃចន្ទទី២៨ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ៣៧១ (សូឡា ) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ភី ស្រីណេង  អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកព័ត៌មានវិទ្យា រៀននៅសាកលវិទ្យាល័យ សុីតិច ស្នាក់នៅម្តុំសង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណើត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកZoomer  X ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 1U-6786 ។ 

រីឯរថយន្តមានចំនួន២គ្រឿង ទី១ ម៉ាកតូយូតាឡង់គ្រិះស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AE-7684 បើកបរដោយបុរសម្នាក់ និងទី២ រថយន្តម៉ាក កាំរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AE-7524 បើកបរដោយបុរសម្នាក់ ។ 

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងឡើយគាត់ឃើញ រថយន្តឡង់គ្រិះស័រ បើកបរតាមបណ្តោយផ្លូវ៣៧១ សូឡា ទិសដៅពីជើងមកត្បូង ឃើញផ្លូវកកស្ទះក៏បត់ត្រឡប់ក្រោយ ស្របពេលនារីរងគ្រោះ ជិះម៉ូតូមកស្របទិសគ្នា ក្នុងល្បឿនលឿនល្មម ក៏រថយន្តបុកម៉ូតូចំកាងខាងមុខ រួចបុកផ្ទប់ជាមួយរថយន្តកាំរីបាឡែន ដែលកំពុងកកស្ទះ និងកិននារីរងគ្រោះ (ផ្នែកក្បាល) ស្លាប់ភ្លាមៗតែម្តង ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញវាស់វែង យកមធ្យោបាយទៅរក្សាទុក នៅចរាចរណ៍ផ្លូវគោកភ្នំពេញ ចំណែកសព ត្រូវសាច់ញាតិយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *