មន្ត្រីពន្លត់អគ្គិភ័យជាង ៦០០ នាក់ និង យន្តហោះទម្លាក់ទឹក តស៊ូពន្លត់ភ្លើងព្រៃ នៅប្រទេសក្រិក

បរទេស ៖ មន្ត្រីពន្លត់ភ្លើងឆេះព្រៃ ជាង ៦០០ នាក់ រួមទាំងកម្លាំងពង្រឹងពីបណ្តាប្រទេសអឺរ៉ុបជាច្រើន ដែលគាំទ្រដោយកងយន្តហោះទម្លាក់ទឹក និង ឧទ្ធម្ភាគចក្រកំពុងតស៊ូពន្លត់ភ្លើងឆេះព្រៃធំៗចំនួនបី នៅក្នុងប្រទេសក្រិកកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលពីរក្នុងចំណោមនោះបានឆាបឆេះអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

ភ្លើងឆេះព្រៃដ៏ធំនៅក្នុងតំបន់ទីក្រុងអេវរ៉ូស (Evros) និង តំបន់ទីក្រុងអាឡិចសាន់ឌ្រូប៉ូលិស (Alexandroupolis) ភាគឦសានប្រទេសក្រិក ដែលគេជឿថាបណ្តាលឱ្យមនុស្ស២០ នាក់បាត់បង់ជីវិតនោះ កំពុងឆាបឆេះឈានដល់ថ្ងៃទី៩រួចមកហើយ។

ហេតុការណ៍ភ្លើងឆេះព្រៃ ដែលជាភ្លើងឆេះព្រៃទោលដ៏ធំបំផុតមិនធ្លាប់វាយប្រហារប្រទេសសហភាពអឺរ៉ុបពីមុនមកបានបំផ្លាញព្រៃឈើដ៏ច្រើនសម្បើម និង ឆេះផ្ទះនៅតំបន់ដាច់ស្រយាលនៃទីក្រុងអាឡិចសាន់ឌ្រូប៉ូលិស អស់ជាច្រើនខ្នង ។

មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា កាលពីថ្ងៃអាទិត្យ មន្ត្រីពន្លត់អគ្គិភ័យចំនួន ២៩៥ នាក់ យន្តហោះចំនួន ៧គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ៥ បានកំពុងពន្លត់ភ្លើងព្រៃ ទន្ទឹងនឹងមានបទបញ្ជា​ឱ្យជម្លៀស​ត្រូវ​បាន​ចេញ​សម្រាប់​ភូមិ​ចំនួន​ពីរ ដោយភូមិមួយគឺ​នៅ​តំបន់ទីក្រុងអេវរ៉ូស និង ​ភូមិ​មួយ​ទៀត​នៅ​តំបន់រ៉ូដូពី (Rodopi)។

ចំណែកសេវាគ្រប់គ្រងគ្រាអាសន្នខូភើនីឃឺស (Copernicus) របស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអាទិត្យថា«ភ្លើងឆេះព្រៃបានឆាបឆេះលើផ្ទៃដីចំនួន ៧៧.០០០ ហិកតា (៧៧០ គីឡូម៉ែត្រក្រឡា) និង មានចំណុចឆេះសកម្មចំនួន១២០កន្លែង»។ Copernicus គឺជាអង្គភាពសង្កេតភពផែនដីរបស់កម្មវិធីអវកាសសហភាពអឺរ៉ុប ហើយប្រើប្រាស់រូបភាពផ្កាយរណបដើម្បីផ្តល់ទិន្នន័យផែនទី។

ឯនៅតំបន់ភាគពាយព្យនៃរដ្ឋធានីក្រិក ភ្លើងឆេះព្រៃដ៏ធំមួយទៀតបានកំពុងឆាបឆេះផ្ទះជាច្រើនថ្ងៃមកហើយ ហើយបានឆាបឆេះដល់ឧទ្យានជាតិនៅលើភ្នំផានីថា (Parnitha) ដែលជាតំបន់បៃតងចុងក្រោយមួយនៅជិតក្រុងអាថែន។

មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា «មន្ត្រីពន្លត់អគ្គិភ័យចំនួន ២៦០ នាក់ យន្តហោះមួយគ្រឿង និងឧទ្ធម្ភាគចក្រចំនួនបីគ្រឿង កំពុងព្យាយាមពន្លត់អណ្តាតភ្លើង។ ភ្លើងឆេះព្រៃដ៏ធំលើកទីបីបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍នៅលើកោះស៊ីក្លាឌីក (Cycladic) នៃតំបន់អាន់ដ្រូស (Andros) ហើយនៅតែមិនអាចគ្រប់គ្រងបានកាលពីថ្ងៃអាទិត្យ ដោយមានអ្នកពន្លត់អគ្គិភ័យចំនួន ៧៣ នាក់ យន្តហោះពីរគ្រឿង និងឧទ្ធម្ភាគចក្រពីរគ្រឿងជួយពន្លត់ភ្លើង»។

បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញថា «រន្ទះបាញ់​ត្រូវ​គេ​សង្ស័យ​ថា​ជាអ្នក​បង្ក​​ភ្លើង​ឆេះ​ព្រៃ​នោះ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *