វិមានក្រឹមឡាំងបដិសេធ «ហេតុការណ៍ ធ្លាក់យន្តហោះធ្វើឱ្យព្រីហ្គោហ្ស៊ីន បាត់បង់ជីវិត»

បរទេស ៖ វិមានក្រឹមឡាំងកាលពីថ្ងៃសុក្រម្សិលមិញ បានច្រានចោលការចោទប្រកាន់ថា«ខ្លួននៅពីក្រោយការធ្លាក់យន្តហោះដែលគេសន្មតថា បានសម្លាប់មេដឹកនាំទាហានស៊ីឈ្នួល លោក យេវជេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ដែលបានដឹកនាំការបះបោរខ្លី ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើលនៅក្នុងប្រទេសរុស្ស៊ីកាលពីពីរខែមុន»។

លោកព្រីហ្គោហ្ស៊ីន ដែល​យុទ្ធជន​ឃោរឃៅ​របស់​ពួកគេ ​ត្រូវ​​គេ​ភ័យខ្លាចគ្រប់គ្នា​នៅ​អ៊ុយក្រែន អាហ្វ្រិក និង​ ស៊ីរី ត្រូវ​បាន​លោកប្រធានាធិបតី ​វ្ល៉ាឌីមៀ ពូទីន និយាយរំលឹកកោតសរសើរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បើទោះបី​មាន​ការ​សង្ស័យ​ថា​មេដឹកនាំ​រុស្ស៊ី​នៅ​ពី​ក្រោយ​ការ​ធ្លាក់​យន្តហោះ​ ដែល​មនុស្ស​ជា​ច្រើន​មើល​ឃើញ​ថា​ជា​ការ​ធ្វើ​ឃាដក៏ដោយចុះ ។

ការវាយតម្លៃបឋមរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានសន្និដ្ឋានថា យន្តហោះនេះបានធ្លាក់ដោយការបំផ្ទុះដោយចេតនា។ មន្ត្រីអាមេរិកនិងលោកខាងលិចម្នាក់ ដែលបានពណ៌នាអំពីការវាយតម្លៃនេះ បាននិយាយថា «ខ្លួនបានកំណត់ថា ព្រីហ្គោហ្ស៊ីនគឺជាគោលដៅត្រូវសម្លាប់ ទំនងបំផុត ហើយថាការផ្ទុះនេះគឺស្របតាម ប្រវត្តិដ៏យូរលង់នៃការព្យាយាមបំបិទមាត់អ្នករិះគន់ពូទីន»។

ចំពោះក្រុមមន្ត្រី ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយ មិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលបណ្តាលឱ្យមានការផ្ទុះនោះទេ ដែលគេជឿជាទូទៅថាជាការសងសឹកចំពោះការបះបោរកាលពីខែមិថុនា ដែលបង្កការប្រឈមធំបំផុតដល់ការគ្រប់គ្រង២៣ឆ្នាំរបស់លោកពូទីន។ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់នេះ។

ចំណែកលោកប៉េស្កូវបានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទតាមទូរសព្ទថា «ឥឡូវនេះ ជាការពិតណាស់មានការសង្ស័យច្រើនជុំវិញការធ្លាក់យន្តហោះនេះ និងការស្លាប់ដ៏សោកនាដកម្មរបស់អ្នកដំណើរលើយន្តហោះ រួមទាំង យេវជេនី ព្រីហ្គោហ្ស៊ីន។ ជាការពិតណាស់ នៅលោកខាងលិច ការសង្ស័យទាំងនោះត្រូវបានដាក់ចេញនៅក្រោមមុំជាក់លាក់មួយ ហើយរឿងទាំងអស់នេះគឺជាការកុហកទាំងស្រុង។ ព្រីហ្គោហ្ស៊ីនត្រូវបានចុះបញ្ជីក្នុងចំណោមអ្នកជិះលើយន្តហោះនោះ»។

ខណៈពេលសួរដោយទីភ្នាក់ងារសារព័ត៌មាន Associated Press ថាតើវិមានក្រឹមឡាំងបានទទួលការបញ្ជាក់ជាផ្លូវការអំពីការស្លាប់របស់ព្រីហ្គោហ្ស៊ីនហើយឬនៅ? លោកប៉េស្កូវ បាននិយាយយោងសម្តីរបស់ពូទីនកាលពីមួយថ្ងៃមុន ថា «គាត់បាននិយាយថា ឥឡូវនេះ ការវិភាគផ្នែកកោសល្យវិច្ច័យចាំបាច់ទាំងអស់ រួមទាំងការធ្វើតេស្តិ៍ហ្សែន នឹងត្រូវអនុវត្ត។ នៅពេលណាដែលការសន្និដ្ឋានផ្លូវការមួយចំនួនត្រូវបានត្រៀមរួចរាល់ហើយនោះ ពួកវានឹងចេញជាសាធារណៈ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *