ឃាត់បុរស២នាក់ឃុបឃិតគ្នាលួចម៉ូតូ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ បុរស២នាក់ ក្នុងនោះម្នាក់ជាអ្នកដឹកជញ្ជូនតាមអនឡាញ បានធ្វើសកម្មភាពលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ១៧២ ផ្លូវក្លាស្ទ័រ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី ២៣សីហាឆ្នាំ២០២៣ម៉ោង១និង៣០នាទីរសៀល ហើយត្រូវបានសមត្ថកិច្ចសង្កាត់វាលស្បូវ ឃាត់ខ្លួនជាបន្តបន្ទាប់នាថ្ងៃទី២៥សីហាឆ្នាំ២០២៣ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះនួក សំនៀង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ ខណ្ឌពៅធិ៍សែនជ័យ។

ចំណែកជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ដាវ ហុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និង២-ឈ្មោះ ជា តារា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូនតាមអនឡាញ នៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ 

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១JR-៦៩៦១ នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចទៅធ្វើការ ស្រាប់តែជនសង្ស័យដើរមក លួចម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅជួបបក្ខពួកឈ្មោះ រ័ត្ន ជាអ្នកយកទៅលក់ឱ្យគេបានប្រាក់ ៣០០ដុល្លារ ចែ គ្នាទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ 

សមត្ថកិច្ចបន្តថា លុះដល់ថ្ងៃទី ២៥សីហាឆ្នាំ២០២៣ ម៉ោង២រសៀល ជនរងគ្រោះឃើញជនសង្ស័យម្នាក់ឈ្មោះ ដាវហុង នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកប្រគល់ឱ្យសមត្ថកិច្ចខណ្ឌច្បារអំពៅសាកសួរ។ ចំណែកបក្ខពួកឈ្មោះ រ័ត្ន គេចខ្លួនបាត់។ រហូតដល់ម៉ោង៥ល្ងាចសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ជា តារា ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅតាមនីតិវិធី ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *