ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកសន្និដ្ឋានថា «យន្តហោះរបស់ព្រីហ្គោហ្ស៊ីនត្រូវគេបំផ្ទុះដោយចេតនា»

បរទេស ៖ បើតាមការវាយតម្លៃបឋមរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានសន្និដ្ឋានថា ការបំផ្ទុះដោយចេតនាមួយបានបណ្តាលឱ្យធ្លាក់យន្តហោះដែលសន្មតថា បានសម្លាប់មេដឹកនាំទាហានស៊ីឈ្នួលដែលត្រូវបានពូទីនកោតសរសើរដ៏ស្មោះស្ម័គ្រកាលពីថ្ងៃព្រហស្បតិ៍ ទោះបីជាមានការសង្ស័យថាប្រធានាធិបតីរុស្ស៊ីគឺជាអ្នកនៅពីក្រោយការធ្វើឃាដក៏ដោយ។

មន្ត្រីអាមេរិក និង លោកខាងលិចម្នាក់ ដែលបានរៀបរាប់ពីការវាយតម្លៃបឋម បាននិយាយថា «ខ្លួនបានកំណត់ឃើញថា លោក យេវជេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) គឺជាគោលដៅត្រូវសម្លាប់ចោល ដ៏ទំនងបំផុតហើយថាការផ្ទុះនេះ គឺស្របតាម ប្រវត្តិដ៏យូរលង់នៃការព្យាយាមបំបិទមាត់អ្នករិះគន់ពូទីន»។

មន្ត្រី ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលបណ្តាលឱ្យមានការផ្ទុះនោះទេ ដែលគេជឿជាទូទៅថាជាការសងសឹកចំពោះការបះបោរកាលពីខែមិថុនា ដែលបង្កការប្រឈមធំបំផុតដល់ការគ្រប់គ្រង២៣ឆ្នាំរបស់មេដឹកនាំរុស្ស៊ី។ អនុសេនីយ៍ឯករបស់លោកព្រីហ្គោហ្ស៊ីនជាច្រើននាក់ទៀតក៏សន្មតថាស្លាប់ដែរ។

លោកឧត្តមសេនីយ៍ ផាត់ រ៉ាយឌ័រ (Pat Ryder) អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា របាយការណ៍សារព័ត៌មាននានាដែលថាមីស៊ីលពីដីទៅអាកាសបានទម្លាក់យន្តហោះនេះគឺមិនត្រឹមត្រូវទេ។ លោក​បាន​បដិសេធ​មិន​និយាយ​ថា​តើ​អាម៉េរិក​សង្ស័យគេបង្កប់​គ្រាប់បែក​ឬ​ក៏​ជឿ​ថា​ការ​ធ្លាក់​យន្តហោះ​នេះ​គឺជា​ការ​ធ្វើ​ឃាដនោះដែរ។ ព័ត៌មានលម្អិតនៃការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍បានលេចឡើង នៅពេលដែលលោកពូទីនសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកដែលនៅលើយន្តហោះ។

ចំពោះយន្តហោះដឹកស្ថាបនិកក្រុមហ៊ុនយោធា Wagner និងអ្នករួមដំណើរ៦នាក់ផ្សេងទៀតបានធ្លាក់កាលពីថ្ងៃពុធភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុងមូស្គូជាមួយនឹងអ្នកបើកយន្តហោះ៣នាក់ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ី។ 

ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសព ១០ នាក់ ហើយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់ប្រភពអនាមិកនៅក្នុងក្រុមហ៊ុន Wagner ដែលនិយាយថា «ព្រីហ្គោហ្ស៊ីនបានស្លាប់ហើយ។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ទេ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *