ឃាត់បុរសវៀតណាមម្នាក់ ពីបទលួចម៉ូតូ

ភ្នំពេញ ៖ បុរសវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាថ្ងៃទី២៤សីហាឆ្នាំ២០២៣ ក្នុងករណីលួចម៉ូតូ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០១សីហាឆ្នាំ២០២៣ម៉ោង២និង៣០នាទីរសៀល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះខៀវ គន្ធា ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យឈ្មោះង្វៀង ធឹងអែម ភេទប្រុស អាយុ២៣ឆ្នាំជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាកCCPN GEELI ពណ៌ស ស្លាកលេខ កំពង់ស្ពឺ 1R-5015 នៅចំណុចកើតហេតុ ដោយចាក់សោកត្រឹមត្រូវ រួចចូលលេងផ្ទះមិត្តភក្តិ ,ស្រាប់តែជនសង្ស័យដើរ មកជិតយកដែកកែច្នៃចុងស្រួចចាក់កាច់សោកម៉ូតូជនរងគ្រោះលួចជិះគេចខ្លួនទៅលក់ឱ្យគេបានប្រាក់១០០ ដុល្លារ ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ 

សមត្ថកិច្ចបន្តថា លុះដល់ថ្ងៃទី ២៤សីហាឆ្នាំ២០២៣ ម៉ោង៤និង៣០នាទីរសៀល សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុខាងលើ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍និរោធ សាកសួរ។ ចំណែកដែកចុងស្រួចជនសង្ស័យបោះចោលបាត់៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *